គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 29:1-18 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់ ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ‌ធេង​ណាស់ ដ្បិត​ព្រះ‌ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ថ្វាយ​ព្រះ‌ជា‌អម្ចាស់។

2. ខ្ញុំ​បាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិរស ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចំរុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។

3. មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ខ្លាំង​ណាស់

4. គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ‌ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។

5. ថ្ងៃ​នេះ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់?»។

6. ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត

7. ថ្វាយ​ជា​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។

8. អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ​ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

9. ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ជា​ខ្លាំង​ដែរ។

10. ព្រះ‌បាទ​ដាវីឌ​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្ដេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង តាំង​ពី​អស់‌កល្ប​ជា‌និច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ!

11. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។

12. ព្រះ‌អង្គ​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ហើយ​ព្រះ‌អង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។

13. បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ និង​កោត​សរសើរ​ព្រះ‌នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។

14. តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះ‌អង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះ‌អង្គ ក៏​ជា​របស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។

15. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ​ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

16. ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក សង់​ព្រះ‌ដំណាក់​សម្រាប់​ព្រះ‌នាម​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌អង្គ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ។

17. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ដឹង​ថា ព្រះ‌អង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ស្មោះ​ត្រង់។ ហេតុ​នេះ ទូលបង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​ព្រះ‌អង្គ ដោយ​ចិត្ត​ស្មោះ​ហើយ ទូលបង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះ‌អង្គ​ដែរ។

18. ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អង្គ​ជា‌និច្ច​ផង។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 29