គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 28:10-18 Khmer Standard Version (KHSV)

10. ឥឡូវ​នេះ ចូរ​ពិចារណា​ចុះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស​រើស​បុត្រ​ឲ្យ​សង់​ព្រះ‌ដំណាក់ ទុក​ជា​ទី‌សក្ការៈ។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការ‌ងារ​ចុះ!»។

11. ព្រះ‌បាទ​ដាវីឌ​បាន​ប្រគល់​គម្រោង​សាង​សង់​ទី‌សក្ការៈ ព្រម​ទាំង​បន្ទប់​អម ឃ្លាំង បន្ទប់​នៅ​ជាន់​ខាង​លើ សាល​ខាង​ក្នុង និង​កន្លែង​សម្រាប់​តម្កល់​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​សម្ដេច​សាឡូម៉ូន។

12. ព្រះ‌បាទ​ដាវីឌ​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​បាន​គិត‌គូរ​នឹង​ធ្វើ សម្រាប់​ទី‌លាន​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ សម្រាប់​ដាក់​ទ្រព្យ​នៃ​ព្រះ‌ដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។

13. ស្ដេច​ប្រគល់​បញ្ជី​ពួក​បូជា‌ចារ្យ និង​ពួក​លេវី ដែល​បែង​ចែក​ជា​ក្រុមៗ ព្រម​ទាំង​កិច្ចការ​ផ្សេងៗ ដែល​ត្រូវ​បំពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់

14. ស្ដេច​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សម្រាប់​ការ​ប្រើ‌ប្រាស់​គ្រប់​បែប​យ៉ាង

15. ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើ‌ប្រាស់​របស់​ចង្កៀង​នីមួយៗ

16. ទម្ងន់​មាស​របស់​តុ​នីមួយៗ ដែល​ត្រូវ​ប្រើ​សម្រាប់​ដាក់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទម្ងន់​របស់​តុ​ដែល​ធ្វើ​ពី​ប្រាក់

17. ទម្ងន់​របស់​សម ផើង​សម្រាប់​ប្រោះ​ឈាម ថូ​សម្រាប់​ពិធី​ច្រួច‌ស្រា​ធ្វើ​ពី​មាស​សុទ្ធ ព្រម​ទាំង​ទម្ងន់​របស់​ពែង​មាស និង​ទម្ងន់​របស់​ពែង​ប្រាក់​នីមួយៗ

18. ទម្ងន់​របស់​អាសនៈ​ធ្វើ​ពី​មាស​សុទ្ធ​សម្រាប់​ថ្វាយ​គ្រឿង​ក្រអូប និង​គំរូ​របស់​រទេះ រូប​ចេរូប៊ីន​ធ្វើ​ពី​មាស ដែល​ត្រដាង​ស្លាប​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 28