គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 27:21-34 Khmer Standard Version (KHSV)

21. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ​លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាកា‌រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​លោក​យ៉ា‌សៀល ជា​កូន​របស់​លោក​អប៊ី‌នើរ។

22. មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អសា‌រាល ជា​កូន​របស់​លោក​យេរូ‌ហាំ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

23. ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។

24. លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចាប់​ផ្ដើម​ជំរឿន​ប្រជា‌ជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ៊ីស្រា‌អែល ព្រោះ​តែ​ការ​នេះ។ ដូច្នេះ ចំនួន​សរុប​របស់​ប្រជា‌ជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ឡើយ។

25. លោក​អាស‌ម៉ាវែត កូន​របស់​លោក​អឌី‌អែល ជា​អ្នក​មើល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ។ រីឯ​ទ្រព្យ​សម្បត្តិ​នៅ​តាម​ស្រែ​ចម្ការ តាម​ក្រុង តាម​ភូមិ និង​តាម​ដំណាក់​នានា មាន​លោក​យ៉ូណា‌ថាន កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ជា​អ្នក​មើល​ខុស​ត្រូវ។

26. លោក​អែស‌រី ជា​កូន​របស់​លោក​កេ‌លូប មើល​ខុស​ត្រូវ​លើ​ពួក​កសិករ ដែល​ធ្វើ​ស្រែ​ចម្ការ​ថ្វាយ​ស្ដេច។

27. លោក​ស៊ី‌ម៉ាយ ជា​អ្នក​ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ស្ដេច។ លោក​សាប‌ឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំង‌បាយជូរ​នៅ​តាម​ចម្ការ។

28. លោក​បាល‌ហាណាន់ ជា​អ្នក​ក្រុង​កេឌើរ មើល​ខុស​ត្រូវ​លើ​ចម្ការ​អូលីវ និង​ចម្ការ​ឧទុម្ពរ​នៅ​តំបន់​វាល​ទំនាប។ លោក​យ៉ូអាស​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ប្រេង។

29. លោក​ស៊ីត‌រ៉ាយ ជា​អ្នក​ស្រុក​សារ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ​នៅ​ស្រុក​សារ៉ូន។ លោក​សាផាត ជា​កូន​របស់​លោក​អ័ឌ‌ឡាយ មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។

30. លោក​អូប៊ីល ជា​ជន‌ជាតិ​អ៊ីស្មា‌អែល មើល​ខុស​ត្រូវ​លើ​ហ្វូង​អូដ្ឋ។ លោក​យេដា‌យ៉ា ជា​អ្នក​ស្រុក​មេរ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​លា។

31. លោក​យ៉ា‌ស៊ីស ជា​ជន‌ជាតិ​ហាក់‌រេន មើល​ខុស​ត្រូវ​លើ​ហ្វូង​ចៀម និង​ពពែ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​គ្រប់‌គ្រង​លើ​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ។

32. លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ទី​ប្រឹក្សា​របស់​ស្ដេច។ លោក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ជ្រៅ​ជ្រះ។ លោក​យេហ៊ី‌អែល ជា​កូន​របស់​លោក​ហាក់‌មូនី ជា​គ្រូ​បាធ្យាយ​បុត្រ​របស់​ស្ដេច។

33. លោក​អហ៊ី‌ថូផែល​ក៏​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ដែរ។ លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើគី ជា​មិត្ត​របស់​ស្ដេច។

34. លោក​យេហូ‌យ៉ាដា​ជា​កូន​របស់​លោក​បេណា‌យ៉ា និង​លោក​អបៀ‌ថើរ បាន​បន្ត​មុខ‌ងារ​របស់​លោក​អហ៊ី‌ថូផែល។ លោក​យ៉ូអាប់​ជា​មេ​បញ្ជា‌ការ​កង‌ទ័ព​របស់​ស្ដេច។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 27