គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 26:10-27 Khmer Standard Version (KHSV)

10. រីឯ​កូន​របស់​លោក​ហូសា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ម៉្រារី មាន: លោក​ស៊ីមរី​ជា​មេ​ក្រុម​គ្រួសារ គាត់​មិន​មែន​ជា​កូន​ច្បង​ទេ តែ​ឪពុក​គាត់​បាន​លើក​គាត់​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​គ្រួសារ

11. លោក​ហ៊ីល‌គីយ៉ា​ជា​កូន​បន្ទាប់ លោក​ថេបាល‌យ៉ា​ជា​កូន​ទី​បី លោក​សាកា‌រី​ជា​កូន​ទី​បួន។ កូន​ចៅ និង​បង‌ប្អូន​របស់​លោក​ហូសា មាន​ចំនួន​ទាំង​អស់ ១៣ នាក់។

12. ពួក​ឆ្មាំ​ទ្វារ​បែង​ចែក​ជា​ក្រុមៗ ហើយ​ទាំង​មេ​ដឹក​នាំ ទាំង​ឆ្មាំ​ទ្វារ​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​គេ មាន​មុខ‌ងារ​យាម​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

13. ពួក​គេ​ចាប់​ឆ្នោត​ដើម្បី​ចែក​គ្នា​យាម​ទ្វារ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់។

14. ការ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សេលេ‌មា ជា​អ្នក​យាម​ទ្វារ​ប៉ែក​ខាង​កើត។ បន្ទាប់​មក គេ​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​សាកា‌រី ជា​កូន​របស់​គាត់ ដែល​ជា​ទី​ប្រឹក្សា​មួយ​រូប​ដ៏​ចំណាន។ លោក​សាកា‌រី​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ជើង។

15. លោក​អូបេដ‌អេដុម​ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​ត្បូង ហើយ​កូនៗ​របស់​គាត់​ត្រូវ​យាម​ឃ្លាំង។

16. រីឯ​លោក​ស៊ូភីម និង​ហូសា ត្រូវ​យាម​ទ្វារ​ប៉ែក​ខាង​លិច និង​ទ្វារ​សាលេ‌គែត នៅ​ត្រង់​ផ្លូវ​ឡើង​ទៅ​លើ។ ក្រុម​អ្នក​យាម​ចែក​វេន​គ្នា​ដូច​ត​ទៅ:

17. នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​ពួក​លេវី​ប្រចាំ​ការ​ប្រាំ​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ជើង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ត្បូង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បួន​នាក់​ទៀត​យាម​ឃ្លាំង ដោយ​ចែក​គ្នា​ជា​ពីរ​ក្រុម។

18. រីឯ​ប៉ែក​ខាង​បន្ទប់​អម ដែល​ស្ថិត​នៅ​ទិស​ខាង​លិច មាន​បួន​នាក់​យាម​នៅ​តាម​ផ្លូវ និង​ពីរ​នាក់​ទៀត​យាម​នៅ​មាត់​ទ្វារ​បន្ទប់​អម​នោះ។

19. អ្នក​ទាំង​នេះ​ជា​ក្រុម​ឆ្មាំ​ទ្វារ ដែល​ជ្រើស​រើស​ពី​ចំណោម​កូន​ចៅ​លោក​កូរេ និង​កូន​ចៅ​លោក​ម៉្រារី។

20. ពួក​លេវី​មួយ​ចំនួន​ទៀត មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ និង​លើ​វត្ថុ​ដ៏​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ព្រះ‌អង្គ។

21. ក្នុង​ចំណោម​កូន​ចៅ​លោក​ឡាអា‌ដាន​នៃ​អំបូរ​គើរ‌សុន មេ​ក្រុម​គ្រួសារ​របស់​គេ​មាន​រាយ​នាម​ដូច​ត​ទៅ: លោក​យីអែ‌លី

22. ព្រម​ទាំង​កូន​របស់​គាត់ គឺ​លោក​សេថាម និង​លោក​យ៉ូ‌អែល ជា​ប្អូន។ ពួក​គេ​មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

23. រីឯ​ក្នុង​ចំណោម​កូន​ចៅ​លោក​អាំរ៉ាម កូន​ចៅ​លោក​យីត‌សារ កូន​ចៅ​លោក​ហេប្រូន និង​កូន​ចៅ​លោក​អ៊ូ‌ស៊ាល

24. មាន​លោក​សេបួល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន កូន​របស់​លោក​ម៉ូសេ ជា​អភិ‌រក្ស​លើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ។

25. រីឯ​ក្រុម​ញាតិ​របស់​គាត់ ដែល​ជា​កូន​ចៅ​របស់​លោក​អេលា‌ស៊ើរ មាន​លោក​រេហាប‌យ៉ា ដែល​ជា​ឪពុក​របស់​លោក​យេសា‌យ៉ា ជា​ឪពុក​របស់​លោក​យ៉ូរ៉ាម ជា​ឪពុក​របស់​លោក​ស៊ីក‌គ្រី ជា​ឪពុក​របស់​លោក​សឡូ‌មីត។

26. លោក​សឡូ‌មិត និង​បង‌ប្អូន​របស់​គាត់ មាន​ភារ‌កិច្ច​មើល​ខុស​ត្រូវ​លើ​វត្ថុ​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​មេ​ក្រុម​គ្រួសារ មេ​កង មេ​ក្រុម និង​មេ‌ទ័ព​យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់។

27. វត្ថុ​ទាំង​នោះ​សុទ្ធ‌សឹង​ជា​ជយ‌ភ័ណ្ឌ ហើយ​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 26