1. កូនចៅរបស់លោកអើរ៉ុន ចែកជាក្រុមៗដូចតទៅ: កូនប្រុសរបស់លោកអើរ៉ុនមាន ណាដាប់ អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
2. លោកណាដាប់ និងអប៊ីហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះ មានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាបូជាចារ្យ។
3. ព្រះបាទដាវីឌ ព្រមទាំងលោកសាដុក ជាពូជពង្សរបស់លោកអេឡាសារ និងលោកអហ៊ីម៉ាឡេក ជាពូជពង្សរបស់លោកអ៊ីថាម៉ារ បានបែងចែកបូជាចារ្យជាក្រុមៗ តាមមុខងាររបស់ពួកគេ។
4. ប៉ុន្តែ ក្នុងចំណោមកូនចៅរបស់លោកអេឡាសារ មានមេក្រុមគ្រួសារច្រើនជាងមេក្រុមគ្រួសារកូនចៅរបស់លោកអ៊ីថាម៉ារ។ ហេតុនេះ គេបែងចែកកូនចៅរបស់លោកអេឡាសារជាដប់ប្រាំមួយក្រុមគ្រួសារ ហើយកូនចៅលោកអ៊ីថាម៉ារជាប្រាំបីក្រុមគ្រួសារ ព្រមទាំងមានមេដឹកនាំតាមក្រុមគ្រួសារនីមួយៗផង។
5. ការបែងចែកនេះធ្វើឡើងដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការៈ និងអ្នកគ្រប់គ្រងការងាររបស់ព្រះជាម្ចាស់ សុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ ក៏ដូចជាពីចំណោមកូនចៅរបស់លោកអ៊ីថាម៉ារដែរ។
6. លោកលេខាធិការសេម៉ាយ៉ា ជាកូនរបស់លោកនេថានេល ពីកុលសម្ព័ន្ធលេវី បានចុះឈ្មោះពួកគេនៅចំពោះព្រះភ័ក្ត្រស្ដេច នៅចំពោះមុខពួកមន្ត្រី លោកបូជាចារ្យសាដុក លោកអហ៊ីម៉ាឡេកជាកូនរបស់លោកអបៀថើរ ព្រមទាំងមេក្រុមគ្រួសារបូជាចារ្យ និងពួកលេវី។ គេចាប់ឆ្នោតឆ្លាស់គ្នារវាងក្រុមគ្រួសាររបស់លោកអេឡាសារ និងក្រុមគ្រួសាររបស់លោកអ៊ីថាម៉ារ។
7. ឆ្នោតទីមួយត្រូវលើលោកយេហូយ៉ារីប ឆ្នោតទីពីរត្រូវលើលោកយេដាយ៉ា
8. ឆ្នោតទីបីត្រូវលើលោកហារីម ឆ្នោតទីបួនត្រូវលើលោកសេអូរីម
9. ឆ្នោតទីប្រាំត្រូវលើលោកម៉ាល់គា ឆ្នោតទីប្រាំមួយត្រូវលើលោកមីយ៉ាមីន
10. ឆ្នោតទីប្រាំពីរត្រូវលើលោកហាកូស ឆ្នោតទីប្រាំបីត្រូវលើលោកអប៊ីយ៉ា
11. ឆ្នោតទីប្រាំបួនត្រូវលើលោកយេសួរ ឆ្នោតទីដប់ត្រូវលើលោកសេកានា
12. ឆ្នោតទីដប់មួយត្រូវលើលោកអេលីយ៉ាស៊ីប ឆ្នោតទីដប់ពីរត្រូវលើលោកយ៉ាគីម
13. ឆ្នោតទីដប់បីត្រូវលើលោកហ៊ូផា ឆ្នោតទីដប់បួនត្រូវលើលោកយេសេបៀប