21. កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ កូនរបស់លោកម៉ាស់លីមាន អេឡាសារ និងលោកគីស។
22. លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។
23. កូនរបស់លោកមូស៊ីមានបីនាក់ គឺម៉ាស់លី អេឌើរ និងយេរេម៉ូត។
24. អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
25. ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។
26. ដូច្នេះ ពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។
27. គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ។
28. ពួកគេត្រូវបំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមបង្គាប់កូនចៅលោកអើរ៉ុន គឺពួកគេមើលខុសត្រូវលើទីលាន និងបន្ទប់នានា ធ្វើពិធីជម្រះវត្ថុសក្ការៈទាំងអស់ឲ្យបានបរិសុទ្ធ ព្រមទាំងទទួលបន្ទុកលើកិច្ចការផ្សេងៗ នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
29. ពួកគេត្រូវតម្កល់នំបុ័ងថ្វាយព្រះអម្ចាស់ រៀបចំម្សៅម៉ដ្ដសម្រាប់តង្វាយម្សៅ ព្រមទាំងរៀបចំនំក្រៀបធ្វើពីម្សៅឥតដាក់មេ នំចំអិនដោយប្រើពុម្ព ឬនំផ្សេងៗទៀត។ ពួកគេក៏ទទួលខុសត្រូវពិនិត្យមើលរង្វាស់រង្វាល់ទាំងប៉ុន្មានដែរ។