គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 23:19-32 Khmer Standard Version (KHSV)

19. កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា ជា​មេ​ដឹក​នាំ លោក​អម៉ា‌រា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកា‌មាម​ជា​មេ​ដឹក​នាំ​ទី​បួន។

20. កូន​របស់​លោក​អ៊ូ‌ស៊ាល​គឺ លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីសយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។

21. កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់‌លី និង​មូស៊ី។ កូន​របស់​លោក​ម៉ាស់‌លី​មាន អេ‌ឡា‌សារ និង​លោក​គីស។

22. លោក​អេ‌ឡា‌សារ​ទទួល​មរណ‌ភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀប‌ការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង‌ប្អូន​ជី​ដូន​មួយ។

23. កូន​របស់​លោក​មូស៊ី​មាន​បី​នាក់ គឺ​ម៉ាស់‌លី អេឌើរ និង​យេរេ‌ម៉ូត។

24. អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ត​ទៅ។

26. ដូច្នេះ ពួក​លេវី​មិន​ចាំ‌បាច់​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា​ទៀត​ឡើយ»។

27. គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។

28. ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អើរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

29. ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ រៀប‌ចំ​ម្សៅ​ម៉ដ្ដ​សម្រាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀប‌ចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។

30. ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​រៀង​រាល់​ព្រឹក និង​រៀង​រាល់​ល្ងាច ដើម្បី​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់

31. ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល*​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​សប្ប័ទ* ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជា‌និច្ច។

32. ពួក​គេ​ត្រូវ​មើល​ថែ‌រក្សា​ព្រះ‌ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ទី‌សក្ការៈ ហើយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​កូន​ចៅ​លោក​អើរ៉ុន ដែល​ជា​បង‌ប្អូន​របស់​ពួក​គេ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 23