គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 23:14-29 Khmer Standard Version (KHSV)

14. រីឯ​លោក​ម៉ូសេ​វិញ លោក​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ គេ​រាប់​បញ្ចូល​កូនៗ​របស់​លោក​ក្នុង​ចំណោម​ពួក​លេវី​ឯ​ទៀតៗ​ដែរ។

15. កូន​របស់​លោក​ម៉ូសេ​គឺ គើរ‌សុន និង​លោក​អេលា‌ស៊ើរ។

16. កូន​របស់​លោក​គើរ‌សុន​មាន លោក​សេបួល ដែល​ជា​មេ​ដឹក​នាំ។

17. លោក​អេលា‌ស៊ើរ​មាន​កូន​ប្រុស​តែ​មួយ ឈ្មោះ​រេហាប‌យ៉ា គឺ​លោក​គ្មាន​កូន​ផ្សេង​ទៀត​ទេ។ ប៉ុន្តែ លោក​រេហាប‌យ៉ា​មាន​កូន​ជា​ច្រើន។

18. កូន​របស់​លោក​យីត‌សារ​មាន​លោក​សឡូ‌មីត ជា​មេ​ដឹក​នាំ។

19. កូន​របស់​លោក​ហេប្រូន​មាន​លោក​យេរី‌យ៉ា ជា​មេ​ដឹក​នាំ លោក​អម៉ា‌រា​ជា​មេ​ដឹក​នាំ​ទី​ពីរ លោក​យ៉ាហា‌សៀល​ជា​មេ​ដឹក​នាំ​ទី​បី និង​លោក​យេកា‌មាម​ជា​មេ​ដឹក​នាំ​ទី​បួន។

20. កូន​របស់​លោក​អ៊ូ‌ស៊ាល​គឺ លោក​មីកា ជា​មេ​ដឹក​នាំ និង​លោក​យីសយ៉ា ជា​មេ​ដឹក​នាំ​ទី​ពីរ។

21. កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់‌លី និង​មូស៊ី។ កូន​របស់​លោក​ម៉ាស់‌លី​មាន អេ‌ឡា‌សារ និង​លោក​គីស។

22. លោក​អេ‌ឡា‌សារ​ទទួល​មរណ‌ភាព​ទៅ ទាំង​គ្មាន​កូន​ប្រុស គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​ទាំង​នោះ​បាន​រៀប‌ការ​ជា​មួយ​កូន​របស់​លោក​គីស ដែល​ត្រូវ​ជា​បង‌ប្អូន​ជី​ដូន​មួយ។

23. កូន​របស់​លោក​មូស៊ី​មាន​បី​នាក់ គឺ​ម៉ាស់‌លី អេឌើរ និង​យេរេ‌ម៉ូត។

24. អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី និង​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ​រៀងៗ​ខ្លួន ដែល​មាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជំរឿន។ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ពួក​គេ​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

25. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ត​ទៅ។

26. ដូច្នេះ ពួក​លេវី​មិន​ចាំ‌បាច់​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា​ទៀត​ឡើយ»។

27. គេ​បាន​ជំរឿន​កូន​ចៅ​លេវី ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​ព្រះ‌បាទ​ដាវីឌ។

28. ពួក​គេ​ត្រូវ​បំពេញ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ក្រោម​បង្គាប់​កូន​ចៅ​លោក​អើរ៉ុន គឺ​ពួក​គេ​មើល​ខុស​ត្រូវ​លើ​ទី‌លាន និង​បន្ទប់​នានា ធ្វើ​ពិធី​ជម្រះ​វត្ថុ​សក្ការៈ​ទាំង​អស់​ឲ្យ​បាន​បរិសុទ្ធ ព្រម​ទាំង​ទទួល​បន្ទុក​លើ​កិច្ចការ​ផ្សេងៗ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

29. ពួក​គេ​ត្រូវ​តម្កល់​នំបុ័ង​ថ្វាយ​ព្រះ‌អម្ចាស់ រៀប‌ចំ​ម្សៅ​ម៉ដ្ដ​សម្រាប់​តង្វាយ​ម្សៅ ព្រម​ទាំង​រៀប‌ចំ​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​ដាក់​មេ នំ​ចំអិន​ដោយ​ប្រើ​ពុម្ព ឬ​នំ​ផ្សេងៗ​ទៀត។ ពួក​គេ​ក៏​ទទួល​ខុស​ត្រូវ​ពិនិត្យ​មើល​រង្វាស់​រង្វាល់​ទាំង​ប៉ុន្មាន​ដែរ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 23