គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 22:9-19 Khmer Standard Version (KHSV)

9. អ្នក​នឹង​បង្កើត​បុត្រ​មួយ​អង្គ ជា​មនុស្ស​ដែល​និយម​សុខ​សន្តិ‌ភាព ហើយ​យើង​នឹង​ផ្ដល់​សុខ​សន្តិ‌ភាព​ដល់​គេ ដោយ​មិន​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ​មក​យាយី​ឡើយ។ បុត្រ​នោះ​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ដ្បិត​ក្រោម​រាជ្យ​របស់​គេ យើង​នឹង​ផ្ដល់​ឲ្យ​អ៊ីស្រា‌អែល​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ។

10. គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ត​ទៅ!”។

11. ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ ដើម្បី​ឲ្យ​បុត្រ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។

12. សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បុត្រ​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បុត្រ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។

13. ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​បុត្រ​នឹង​បាន​ចម្រុង‌ចម្រើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

14. បិតា​ខ្នះ‌ខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រីឯ​លង្ហិន និង​ដែក មាន​ច្រើន​សន្ធឹក​សន្ធាប់ ពុំ​អាច​ថ្លឹង​បាន​ទេ។ បិតា​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​បុត្រ​ចង់​បន្ថែម​ទៀត​ក៏​បាន។

15. មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​បុត្រ គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិន‌ប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។

16. រីឯ​មាស ប្រាក់ លង្ហិន និង​ដែក​មាន​ចំនួន​ច្រើន​ឥត​គណនា។ ចូរ​បុត្រ​ក្រោក​ឡើង បំពេញ​កិច្ចការ​នេះ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ!»។

17. ព្រះ‌បាទ​ដាវីឌ​បាន​ផ្ដាំ​មន្ត្រី​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​ជួយ​ជ្រោម‌ជ្រែង​សម្ដេច​សាឡូម៉ូន ជា​បុត្រ ដោយ​មាន​រាជ‌ឱង្ការ​ថា៖

18. «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក គង់​នៅ​ជា​មួយ​អស់​លោក​ហើយ។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​អស់​លោក​បាន​សម្រាក​គ្រប់​ទិស‌ទី ដ្បិត​ព្រះ‌អង្គ​បាន​ប្រគល់​អ្នក​ស្រុក​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​យើង ហើយ​ស្រុក​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះ‌អម្ចាស់ និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។

19. ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទី‌សក្ការៈ​របស់​ព្រះ‌ជា‌អម្ចាស់ ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ទៅ​តម្កល់​ទុក​ក្នុង​ព្រះ‌ដំណាក់​ដែល​នឹង​សង់​ឡើង​សម្រាប់​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់»។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 22