គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 21:22-30 Khmer Standard Version (KHSV)

22. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។

23. លោក​អរ៉ៅ‌ណា​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់ យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ។ ទូលបង្គំ​ក៏​សូម​ថ្វាយ​គោ សម្រាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​តង្វាយ​ម្សៅ ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់!»។

24. ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

25. ព្រះ‌បាទ​ដាវីឌ​ប្រគល់​មាស​សុទ្ធ​ប្រាំ​មួយ​រយ​ស្លឹង​ជូន​លោក​អរ៉ៅ‌ណា ដើម្បី​ទិញ​លាន​បោក​ស្រូវ។

26. ព្រះ‌បាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​កន្លែង​នោះ ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ស្ដេច​អង្វរ​រក​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​តង្វាយ​ដុត​នៅ​លើ​អាសនៈ​នោះ។

27. បន្ទាប់​មក ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​ទេវតា​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ។

28. នៅ​គ្រា​នោះ ដោយ​ព្រះ‌បាទ​ដាវីឌ​ឃើញ​ថា ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ស្ដេច នៅ​លើ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ស្ដេច​តែងតែ​ថ្វាយ​យញ្ញ‌បូជា​នៅ​ទី​នោះ។

29. រីឯ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ម៉ូសេ​បាន​សង់​នៅ​វាល​រហោ‌ស្ថាន ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត ស្ថិត​នៅ​ទី‌សក្ការៈ​ទួល​ខ្ពស់* នៅ​ក្រុង​គីបៀន។

30. ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​ពុំ​អាច​យាង​ទៅ​កន្លែង​នោះ​ទេ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់ ដ្បិត​ស្ដេច​ភ័យ​ខ្លាច​ទេវតា*​របស់​ព្រះ‌អម្ចាស់​ប្រហារ​ដោយ​មុខ​ដាវ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 21