គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 21:14-24 Khmer Standard Version (KHSV)

14. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​នៅ​ស្រុក​អ៊ីស្រា‌អែល ហើយ​មាន​ប្រជា‌ជន​ស្លាប់​អស់​៧០ ០០០​នាក់។

15. ព្រះ‌ជាម្ចាស់​ចាត់​ទេវតា​ឲ្យ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម​ទៀត ប៉ុន្តែ កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ទេវតា​បំផ្លាញ​ក្រុង​នោះ ព្រះ‌អង្គ​ក៏​ប្រែ​ព្រះ‌ហឫទ័យ​មិន​ព្រម​ដាក់​ទោស​ក្រុង​នោះ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ទេវតា​ដែល​មក​បំផ្លាញ​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ ទេវតា​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

16. ព្រះ‌បាទ​ដាវីឌ​ងើប​ព្រះ‌ភ័ក្ត្រ​ឡើង ទត​ឃើញ​ទេវតា​របស់​ព្រះ‌អម្ចាស់​ឈរ​នៅ​ចន្លោះ​មេឃ និង​ផែនដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​ដាវីឌ និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។

17. ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូលបង្គំ​ទេ​តើ​ដែល​បញ្ជា​ឲ្យ​ជំរឿន​ប្រជា‌ជន ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​អាក្រក់។ ប្រជា‌ជន​ទាំង​នេះ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ដាក់​ទោស​តែ​ទូលបង្គំ និង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ​បាន​ហើយ! សូម​កុំ​ឲ្យ​គ្រោះ​កាច​នេះ​កើត​មាន​ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ឡើយ!»។

18. ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ប្រាប់​លោក​កាដ ឲ្យ​ទូល​ព្រះ‌បាទ​ដាវីឌ ដើម្បី​សូម​ស្ដេច​យាង​ឡើង​ទៅ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

19. ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ តាម​ពាក្យ​ដែល​លោក​កាដ​ថ្លែង ក្នុង​នាម​ព្រះ‌អម្ចាស់។

20. ពេល​នោះ លោក​អរ៉ៅ‌ណា​កំពុង​តែ​បោក​ស្រូវ។ គាត់​ងាក​មក ឃើញ​ទេវតា កូន​ប្រុស​របស់​គាត់​ទាំង​បួន​នាក់ ដែល​នៅ​ជា​មួយ​គាត់ នាំ​គ្នា​រត់​ពួន។

21. កាល​ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​ជិត​លោក​អរ៉ៅ‌ណា គាត់​ក្រឡេក​ឃើញ​ព្រះ‌រាជា គាត់​ក៏​ចេញ​ពី​លាន​បោក​ស្រូវ​មក​ទទួល ក្រាប​ថ្វាយ‌បង្គំ អោន​មុខ​ដល់​ដី។

22. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង​មក យើង​នឹង​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ពី​គ្រោះ​កាច។ ចូរ​លក់​លាន​បោក​ស្រូវ​នេះ​ឲ្យ​យើង យើង​នឹង​បង់​ប្រាក់​ពេញ​ថ្លៃ»។

23. លោក​អរ៉ៅ‌ណា​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់ យក​លាន​បោក​ស្រូវ​នេះ ធ្វើ​អ្វី​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ។ ទូលបង្គំ​ក៏​សូម​ថ្វាយ​គោ សម្រាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល និង​រនាស់​ធ្វើ​ជា​អុស ព្រម​ទាំង​ស្រូវ​ធ្វើ​ជា​តង្វាយ​ម្សៅ ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់!»។

24. ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នោះ​ពី​លោក​ពេញ​ថ្លៃ ដ្បិត​យើង​មិន​អាច​យក​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល ដោយ​មិន​បង់​ប្រាក់​ឡើយ!»។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 21