គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 21:1-13 Khmer Standard Version (KHSV)

1. មារ*​សាតាំង​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។

2. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជា‌ជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជា‌ជន​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ‌សេបា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយ‌ការណ៍​ឲ្យ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជា‌ជន»។

3. លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​អម្ចាស់! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស»។

4. ប៉ុន្តែ ដោយ​ស្ដេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

5. លោក​យ៉ូអាប់​ចូល​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​ចំនួន​ប្រជា‌ជន គឺ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល មាន​ទាហាន​ប្រដាប់​អាវុធ ១ ១០០ ០០០​នាក់ ហើយ​នៅ​ស្រុក​យូដា មាន​៤៧០ ០០០ នាក់។

6. លោក​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល​សម្ព័ន្ធ​លេវី និង​បេន‌យ៉ាមីន​ទេ ដ្បិត​លោក​មិន​ពេញ​ចិត្តនឹង​បញ្ជា​របស់​ស្ដេច​ទាល់​តែ​សោះ។

7. ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ហេតុ‌ការណ៍​នេះ​ទេ ព្រះ‌អង្គ​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល។

8. ព្រះ‌បាទ​ដាវីឌ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះ‌អង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​កាដ ជា​គ្រូ​ទាយ​របស់​ព្រះ‌បាទ​ដាវីឌ​ថា៖

10. «ចូរ​ទៅ​ប្រាប់​ដាវីឌ​ដូច​ត​ទៅ “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​មាន​ទណ្ឌ‌កម្ម​បី​យ៉ាង​សម្រាប់​អ្នក ចូរ​ជ្រើស​រើស​យក​មួយ​ចុះ! យើង​នឹង​ដាក់​ទោស​អ្នក​តាម​នោះ”»។

11. លោក​កាដ​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: សូម​ជ្រើស​រើស​ចុះ

12. តើ​ព្រះ‌ករុណា​ចង់​ឲ្យ​ស្រុក​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ឬ​ត្រូវ​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​ដាវ​របស់​ខ្មាំង​សត្រូវ អស់​រយៈ​ពេល​បី​ខែ ឬ​ចង់​ឲ្យ​ជំងឺ​អាសន្ន‌រោគ​កើត​ឡើង​ក្នុង​ស្រុក គឺ​ទេវតា​របស់​ព្រះ‌អម្ចាស់​បំផ្លាញ​ប្រជា‌ជន​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល អស់​រយៈ​ពេល​បី​ថ្ងៃ។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ពិចារណា​ចុះ ទូលបង្គំ​នឹង​នាំ​ចម្លើយ​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ទូលបង្គំ​មក»។

13. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌អម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង»។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 21