គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 19:10-19 Khmer Standard Version (KHSV)

10. លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ ដល់​ទៅ​ពីរ​មុខ​ព្រួញ​ប្រយុទ្ធ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ​ដូច្នេះ លោក​ក៏​ជ្រើស​រើស​យក​ពល​ទាហាន​ដ៏​ចំណានៗ​ពី​កង‌ទ័ព​អ៊ីស្រា‌អែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។

11. រីឯ​កង‌ទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ ជា​ប្អូន​ចេញ​ទៅ​តទល់​នឹង​កង‌ទ័ព​អាំម៉ូន។

12. លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន។

13. ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ការពារ​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ចុះ»។

14. លោក​យ៉ូអាប់ ព្រម​ទាំង​កង‌ទ័ព បាន​ចេញ​ទៅ​ប្រយុទ្ធ​តទល់​នឹង​កង‌ទ័ព​ស៊ីរី។ ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក។

15. កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ។ លោក​យ៉ូអាប់​វិល​ចូល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។

16. ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ជា​អ្នក​ដឹក​នាំ។

17. មាន​គេ​នាំ​ដំណឹង​នេះ​មក​ទូល​ព្រះ‌បាទ​ដាវីឌ ស្ដេច​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ឆ្លង​ទន្លេ​យ័រដាន់ ហើយ​មក​ដល់​ក្បែរ​ពួក​គេ។ ព្រះ‌បាទ​ដាវីឌ​ក៏​រៀប​ទ័ព​ប្រឈម​មុខ​ទល់​នឹង​កង‌ទ័ព​ស៊ីរី ដែល​មក​វាយ​សម្រុក​ស្ដេច។

18. ពួក​ស៊ីរី​បាក់​ទ័ព​រត់​នៅ​មុខ​កង‌ទ័ព​អ៊ីស្រា‌អែល ហើយ​ព្រះ‌បាទ​ដាវីឌ​សម្លាប់​ទាហាន​ដែល​បរ​រទេះ​ចំបាំង​អស់​ប្រាំ‌ពីរ​ពាន់​នាក់ និង​ពល​ទាហាន​ថ្មើរ​ជើង​អស់​បួន​ម៉ឺន​នាក់។ ស្ដេច​ក៏​បាន​ប្រហារ​ជីវិត​លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​ដែរ។

19. កាល​ស្ដេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ឃើញ​ថា ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ក៏​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ព្រះ‌បាទ​ដាវីឌ ហើយ​ចុះ​ចូល​នឹង​ព្រះ‌អង្គ​ផង។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ចង់​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 19