គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 18:8-17 Khmer Standard Version (KHSV)

8. ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។ ក្រោយ​មក ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះ‌វិហារ។

9. កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់ ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ក្រុង​សូបា

10. ស្ដេច​ក៏​ចាត់​សម្ដេច​យ៉ូរ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជំនះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។

11. ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្ដេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។

12. លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។

13. លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។

14. ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។

15. លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។

16. លោក​សាដុក កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌ម៉ាឡេក កូន​របស់​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។ លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ​របស់​ស្ដេច។

17. លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្ដេច។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 18