គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 18:1-10 Khmer Standard Version (KHSV)

1. ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន‌ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្ដើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។

2. ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ។ ជន‌ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។

3. ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា នៅ​ក្រុង​ហា‌ម៉ាត់ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។

4. ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​បាន​រទេះ​ចំបាំង​ចំនួន​១ ០០០​គ្រឿង​ពី​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រម​ទាំង​ទ័ព​សេះ ៧ ០០០ នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០​នាក់។ ស្ដេច​ទុក​សេះ​ប្រមាណ​មួយ​រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។

5. ពេល​នោះ ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស់ លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​២២ ០០០​នាក់។

6. ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន‌ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។

7. ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​ខែល​មាស​ពី​ពួក​មេ‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។

8. ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។ ក្រោយ​មក ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះ‌វិហារ។

9. កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់ ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ក្រុង​សូបា

10. ស្ដេច​ក៏​ចាត់​សម្ដេច​យ៉ូរ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជំនះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 18