គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 17:15-27 Khmer Standard Version (KHSV)

15. លោក​ណាថាន​ទូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។

16. ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ទូលបង្គំ និង​គ្រួសារ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?

17. ឱ​ព្រះ‌ជាម្ចាស់​អើយ​ចំពោះ​ព្រះ‌អង្គ នេះ​គឺ​ជា​ការ​តិច‌តួច​ទេ បាន​ជា​ព្រះ‌អង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ទូលបង្គំ ហាក់​បី​ដូច​ទូលបង្គំ​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។

18. តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះ‌អង្គ ចំពោះ​កិត្តិយស ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ បើ​ព្រះ‌អង្គ​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ច្បាស់​ហើយ​នោះ?

19. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សម្តែង​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​ទាំង​នេះ​ឲ្យ​ទូលបង្គំ​ឃើញ ស្រប​តាម​ព្រះ‌ហឫទ័យ​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

20. ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះ‌អង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។

21. នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌រាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ឡើយ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ព្រះ‌អង្គ​ល្បី‌ល្បាញ ដោយ​សម្តែង​ការ​អស្ចារ្យ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះ‌អង្គ​បណ្ដេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។

22. ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​បាន​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ព្រះ​របស់​ពួក​គេ។

23. ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ សូម​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ទូលបង្គំ និង​កូន​ចៅ​ទូលបង្គំ រហូត​ត​ទៅ សូម​ឲ្យ​ព្រះ‌បន្ទូល​នេះ​សម្រេច​ជា​រូប​រាង​ឡើង!

24. សូម​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌នាម​របស់​ព្រះ‌អង្គ​បាន​ឧត្តុង្គ​ឧត្ដម​ជា‌និច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ពិត​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​មែន!”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ផង។

25. ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​ពូជ‌ពង្ស​របស់​ទូលបង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​ទូលបង្គំ។ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​មាន​ចិត្ត​ក្លា‌ហាន ទូល​ពាក្យ​អធិស្ឋាន​នេះ​ថ្វាយ​ព្រះ‌អង្គ។

26. បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​ព្រះ‌អង្គ​ទេ​ដែល​ជា​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ប្រទាន​សុភមង្គល​នេះ​មក​ទូលបង្គំ។

27. ឱ​ព្រះ‌អម្ចាស់​អើយ ឥឡូវ​នេះ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ត​រៀង​ទៅ ដ្បិត​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ព្រះ‌ពរ​អស់‌កល្ប​ជា‌និច្ច»។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 17