គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 17:13-21 Khmer Standard Version (KHSV)

13. យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ធ្វើ​ជា​កូន​របស់​យើង។ យើង​មិន​ដក​សេចក្ដី​មេត្តា​ករុណា​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ចេញ​ពី​ស្ដេច​ដែល​គ្រង​រាជ​មុន​អ្នក​ឡើយ។

14. យើង​នឹង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង និង​នគរ​របស់​យើង​រហូត​ត​ទៅ ហើយ​រាជ​សម្បត្តិ​របស់​គេ​ក៏​នឹង​បាន​រឹង‌មាំ​រហូត​ត​ទៅ​ដែរ»។

15. លោក​ណាថាន​ទូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ​នូវ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក​ក្នុង​សុបិន​និមិត្ត​នោះ។

16. ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​គាល់​ព្រះ‌អម្ចាស់ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ តើ​ទូលបង្គំ និង​គ្រួសារ​របស់​ទូលបង្គំ​ជា​អ្វី បាន​ជា​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?

17. ឱ​ព្រះ‌ជាម្ចាស់​អើយ​ចំពោះ​ព្រះ‌អង្គ នេះ​គឺ​ជា​ការ​តិច‌តួច​ទេ បាន​ជា​ព្រះ‌អង្គ​សន្យា​ដល់​កូន​ចៅ​ទូលបង្គំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​ទូលបង្គំ ហាក់​បី​ដូច​ទូលបង្គំ​ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។

18. តើ​ទូលបង្គំ​មាន​អ្វី​ទូល​ថ្វាយ​ព្រះ‌អង្គ ចំពោះ​កិត្តិយស ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ បើ​ព្រះ‌អង្គ​ជ្រាប​អំពី​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ច្បាស់​ហើយ​នោះ?

19. ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​សម្តែង​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​ទាំង​នេះ​ឲ្យ​ទូលបង្គំ​ឃើញ ស្រប​តាម​ព្រះ‌ហឫទ័យ​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

20. ព្រះ‌អម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អង្គ​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ព្រះ‌អង្គ ក៏​គ្មាន​ព្រះ​ឯ​ណា​ទៀត​ដែរ។

21. នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌រាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ឡើយ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ព្រះ‌អង្គ​ល្បី‌ល្បាញ ដោយ​សម្តែង​ការ​អស្ចារ្យ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះ‌អង្គ​បណ្ដេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 17