គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 17:1-11 Khmer Standard Version (KHSV)

1. នៅ​ពេល​ដែល​ព្រះ‌បាទ​ដាវីឌ​មាន​រាជ​វាំង​គង់​នៅ​ស្រួល‌បួល​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ក្នុង​ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។

2. លោក​ណាថាន​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ សូម​ព្រះ‌ករុណា​ធ្វើ​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌ករុណា​ហើយ»។

3. ប៉ុន្តែ នៅ​យប់​នោះ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណាថាន​ដូច​ត​ទៅ៖

4. «ចូរ​ទៅ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។

5. តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

6. គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ!

7. ឥឡូវ​នេះ ចូរ​ប្រាប់​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កាល​អ្នក​នៅ​ជា​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

8. យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បី‌ល្បាញ ដូច​វរ‌ជន​ទាំង‌ឡាយ​នៅ​លើ​ផែនដី​ដែរ។

9. យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់‌លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន‌ពាន​លើ​ពួក​គេ

10. ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

11. ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​រូប​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 17