គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 15:9-26 Khmer Standard Version (KHSV)

9. ក្នុង​ចំណោម​កូន​ចៅ​លោក​ហេប្រូន មាន​លោក​អេលាល​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ៨០ នាក់

10. ក្នុង​ចំណោម​កូន​ចៅ​លោក​អ៊ូ‌ស៊ាល មាន​លោក​អមី‌ណាដាប់​ជា​មេ​ដឹក​នាំ និង​បង‌ប្អូន​របស់​គាត់ ១១២​នាក់។

11. ព្រះ‌បាទ​ដាវីឌ​កោះ​ហៅ​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរាល លោក​អសា‌យ៉ា លោក​យ៉ូ‌អែល លោក​សេម៉ាយ៉ា លោក​អេលាល និង​លោក​អមី‌ណា‌ដាប់។

12. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ ចូរ​អស់​លោក និង​បង‌ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀបចំ​ទុក។

13. កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក តាម​ក្បួន​តម្រា​របស់​ព្រះ‌អង្គ​ឡើយ»។

14. ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​នាំ​គ្នា​ញែក​ខ្លួន​ជា​វិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

15. កូន​ចៅ​លេវី​បាន​យក​ឈើ​ស្នែង​មក​ស៊ក ហើយ​សែង​ហិប​របស់​ព្រះ‌អម្ចាស់​លើ​ស្មា ដូច​លោក​ម៉ូសេ​បាន​បង្គាប់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

16. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​មេ​ដឹក​នាំ​របស់​ក្រុម​លេវី ឲ្យ​ចាត់​បង‌ប្អូន​របស់​ពួក​គេ​ដែល​ជា​អ្នក​ចម្រៀង ឲ្យ​យក​ឧបករណ៍​ភ្លេង​មាន ឃឹម ពិណ និង​ឈិង មក​ប្រគំ​យ៉ាង​ពីរោះ ដើម្បី​សម្តែង​នូវ​អំណរ​សប្បាយ។

17. ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​លោក​ហេ‌ម៉ាន​ជា​កូន​របស់​លោក​យ៉ូ‌អែល ហើយ​ក្នុង​ចំណោម​បង‌ប្អូន​របស់​គាត់ មាន​លោក​អេសាភ​ជា​កូន​របស់​លោក​បេរេ‌គា បន្ទាប់​មក ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​ម៉្រារី ជា​បង‌ប្អូន​របស់​ពួក​គេ មាន​លោក​អេថាន​ជា​កូន​របស់​លោក​គូសា‌យ៉ា។

18. បន្ទាប់​មក​ទៀត មាន​ក្រុម​លេវី​ដែល​នៅ​ក្រោម​បង្គាប់​លោក​ទាំង​នោះ គឺ​លោក​សាកា‌រី លោក​បេន លោក​យាស៊ាល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​អ៊ូនី លោក​អេលាប លោក​បេណា‌យ៉ា លោក​ម៉ាសេ‌យ៉ា លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេឌ‌អេដុម និង​លោក​យីអែល ដែល​សុទ្ធ​តែ​ជា​ឆ្មាំ​ទ្វារ។

19. ក្រុម​ចម្រៀង​មាន​លោក​ហេ‌ម៉ាន លោក​អេសាភ និង​លោក​អេថាន ដែល​កាន់​ឈិង​ពី​លង្ហិន ដើម្បី​ប្រគំ​ឲ្យ​ឮ​រំពង​ផង។

20. រីឯ​លោក​សាកា‌រី លោក​យ៉ាសាល លោក​សេមី‌រ៉ាម៉ូត លោក​យីអែល លោក​អ៊ូនី លោក​អេលាប លោក​ម៉ាសេ‌យ៉ា និង​លោក​បេណា‌យ៉ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​សំឡេង​ខ្ពស់។

21. លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេដ‌អេដុម លោក​យេអែល លោក​អសា‌ស៊ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​ខ្សែ​ប្រាំ​បី​សម្រាប់​នាំ​មុខ​ចម្រៀង។

22. លោក​កេណា‌នា ជា​មេ​ដឹក​នាំ​ក្រុម​លេវី​ផ្នែក​ខាង​លី​សែង បាន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សែង​ហិប​នេះ ព្រោះ​គាត់​មាន​សមត្ថ‌ភាព។

23. លោក​បេរេ‌គា និង​លោក​អែល‌កាណា ជា​ឆ្មាំ​ឈរ​នៅ​ជិត​ហិប។

24. លោក​បូជា‌ចារ្យ​សេបា‌នា យ៉ូហូ‌សាផាត នេថា‌នេល អម៉ា‌សាយ សាកា‌រី បេណា‌យ៉ា និង​អេលា‌ស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ‌អេដុម និង​លោក​យេហ៊ី‌យ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។

25. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់​ពី​ផ្ទះ​របស់​លោក​អូបេដ‌អេដុម​យ៉ាង​សប្បាយ​រីក‌រាយ។

26. ព្រះ‌ជាម្ចាស់​ជួយ​ការពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ‌ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 15