គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 14:10-17 Khmer Standard Version (KHSV)

10. ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ថា៖ «តើ​ទូលបង្គំ​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​ព្រះ‌អង្គ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ទូលបង្គំ​ឬ​ទេ?»។ ព្រះ‌អម្ចា ស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទៅ​ចុះ! យើង​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក»។

11. ពួក​ភីលីស្ទីន​លើក​ទ័ព​មក​ដល់​បាល‌ពេរ៉ា‌ស៊ីម ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ប្រហារ​ពួក​គេ​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព ដោយ​ថ្វី​ដៃ​ខ្ញុំ ដូច​ជា​ទឹក​បាក់​ទំនប់​ដែរ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “បាល‌ពេរ៉ា‌ស៊ីម”។

12. កង‌ទ័ព​ភីលីស្ទីន​បោះ​បង់​ចោល​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ ហើយ​ព្រះ‌បាទ​ដាវីឌ​ចេញ​បញ្ជា​ឲ្យ​គេ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល​ទៅ។

13. ជន‌ជាតិ​ភីលីស្ទីន​បាន​មក​ទន្ទ្រាន​នៅ​ជ្រលង​ភ្នំ​រេផែម​សា​ជា​ថ្មី។

14. ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ម្ដង​ទៀត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ស្ដេច​វិញ​ថា៖ «កុំ​ឡើង​តាម​ក្រោយ​ពួក​គេ​ឡើយ ចូរ​វាង​ទៅ​ម្ខាង​ទៀត ហើយ​វាយ​ពួក​គេ​ពី​ម្ដុំ​ដើម​មន​នោះ​វិញ។

15. កាល​ណា​អ្នក​ឮ​សន្ធឹក​ជើង​នៅ​លើ​ចុង​មន ចូរ​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ‌ជាម្ចាស់​នាំ​មុខ​អ្នក វាយ​លុក​ទី​តាំង​ទ័ព​ភីលីស្ទីន»។

16. ព្រះ‌បាទ​ដាវីឌ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ស្ដេច​វាយ​ឈ្នះ​កង‌ទ័ព​ភីលីស្ទីន ហើយ​ដេញ​តាម​ពួក​គេ​តាំង​ពី​ក្រុង​គីបៀន រហូត​ដល់​ក្រុង​កេស៊ើរ។

17. កិត្តិនាម​របស់​ព្រះ‌បាទ​ដាវីឌ ក៏​ល្បី​ខ្ចរ‌ខ្ចាយ​គ្រប់​ស្រុក ហើយ​ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់​ស្ញែង​ខ្លាច​ព្រះ‌បាទ​ដាវីឌ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 14