គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 13:7-14 Khmer Standard Version (KHSV)

7. គេ​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដង្ហែ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដោយ​មាន​លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​អ្នក​បរ​រទេះ​នោះ។

8. ព្រះ‌បាទ​ដាវីឌ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។

9. កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​គីដុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប ព្រោះ​គោ​ធ្វើ​ឲ្យ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។

10. ពេល​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​លោក ព្រោះ​លោក​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

11. ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​ប្រហារ​ជីវិត​លោក​អ៊ូសា​ដូច្នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ពេរេស-‌អ៊ូសា” រហូត​ដល់​សព្វ​ថ្ងៃ។

12. នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​យក​ហិប​របស់​ព្រះ‌ជាម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។

13. ព្រះ‌បាទ​ដាវីឌ​មិន​បាន​យក​ហិប​របស់​ព្រះ‌អម្ចាស់ ទៅ​ដំណាក់ នៅ​បុរី​ព្រះ‌បាទ​ដាវីឌ​ទេ តែ​ស្ដេច​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេឌ‌អេដុម ជា​អ្នក​ស្រុក​កាថ។

14. ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-‌អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូបេដ‌អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 13