6. ព្រះរាជាយាងទៅក្រុងបាឡា គឺគារយ៉ាត់-យារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកចេរូប៊ីន* ហើយហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។
7. គេដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។
8. ព្រះបាទដាវីឌ និងជនជាតិអ៊ីស្រាអែលទាំងមូល សប្បាយរីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។
9. កាលមកដល់លានស្រូវរបស់លោកគីដុន លោកអ៊ូសាលើកដៃទៅទប់ហិប ព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។
10. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយប្រហារជីវិតលោក ព្រោះលោកបានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។
11. ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់ប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។
12. នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះជាម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងដំណាក់របស់យើងមិនកើតទេ»។
13. ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ ទៅដំណាក់ នៅបុរីព្រះបាទដាវីឌទេ តែស្ដេចបានឲ្យគេនាំយកហិបនោះទៅទុក នៅផ្ទះលោកអូបេឌអេដុម ជាអ្នកស្រុកកាថ។
14. ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដអេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។