គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 13:1-8 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ដាវីឌ​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​អស់។

2. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ ហើយ​បើ​ការ​នេះ​មក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​មែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បង‌ប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល និង​ជូន​ពួក​បូជា‌ចារ្យ ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួប‌ជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។

3. បន្ទាប់​មក យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​ព្រះ​នៃ​យើង​យក​មក​វិញ ដ្បិត​នៅ​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​មក​ទេ»។

4. អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជា‌ជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។

5. ព្រះ‌បាទ​ដាវីឌ​បាន​ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​ព្រះ‌ជាម្ចាស់​ពី​គារយ៉ាត់-‌យារីម។

6. ព្រះ‌រាជា​យាង​ទៅ​ក្រុង​បាឡា គឺ​គារយ៉ាត់-‌យារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌អម្ចាស់​ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន* ហើយ​ហិប​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។

7. គេ​ដាក់​ហិប​របស់​ព្រះ‌ជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដង្ហែ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដោយ​មាន​លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​អ្នក​បរ​រទេះ​នោះ។

8. ព្រះ‌បាទ​ដាវីឌ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 13