គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 11:1-15 Khmer Standard Version (KHSV)

1. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ប្រមូល​គ្នា​មក​គាល់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ទូល​ថា៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា​ដែរ។

2. កាល​ពី​មុន នៅ​ពេល​ដែល​ព្រះ‌បាទ​សូល​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ព្រះ‌ករុណា មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។

3. ដូច្នេះ ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ចូល​មក​គាល់​ព្រះ‌រាជា នៅ​ក្រុង​ហេប្រូន។ ព្រះ‌បាទ​ដាវីឌ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ នៅ​ក្រុង​ហេប្រូន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ហើយ​ពួក​គេ​បាន​ចាក់​ប្រេង​អភិ‌សេក​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​ថ្លែង​ទុក​តាម​រយៈ​ព្យាការី​សាំយូ‌អែល។

4. ព្រះ‌បាទ​ដាវីឌ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​ចេញ​ទៅ​វាយ​យក​ក្រុង​យេរូ‌សាឡឹម គឺ​ក្រុង​យេប៊ូស។ ពី​មុន ជន‌ជាតិ​យេប៊ូស​ជា​ម្ចាស់​ស្រុក​រស់​នៅ​ក្រុង​នោះ។

5. អ្នក​ក្រុង​យេប៊ូស​ពោល​មក​កាន់​ព្រះ‌បាទ​ដាវីឌ​ថា៖ «អ្នក​ឯង​ចូល​ក្នុង​ក្រុង​របស់​យើង​មិន​បាន​ទេ»។ ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​វាយ​យក​បាន​បន្ទាយ​នៅ​ភ្នំ​ស៊ីយ៉ូន ដែល​ក្រោយ​មក​ហៅ​ថា “បុរី​ព្រះ‌បាទ​ដាវីឌ”។

6. ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន​បើ​អ្នក​ណា​ម្នាក់​វាយ​ឈ្នះ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​មេ‌ទ័ព និង​មេ​ដឹក​នាំ»។ លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចេញ​ទៅ​វាយ​មុន​គេ ហើយ​បាន​ទទួល​តំណែង​ជា​មេ‌ទ័ព។

7. ព្រះ‌បាទ​ដាវីឌ​គង់​នៅ​ក្នុង​បន្ទាយ​នោះ ហេតុ​នេះ គេ​ក៏​ហៅ​ថា «បុរី​ព្រះ‌បាទ​ដាវីឌ»។

8. បន្ទាប់​មក ស្ដេច​ពង្រីក​ទីក្រុង ចាប់​តាំង​ពី​មីឡូ​រហូត​ដល់​ជាយ​ក្រុង។ លោក​យ៉ូអាប់​បាន​ជួស‌ជុល​កន្លែង​ផ្សេង​ទៀត នៅ​ក្នុង​ទីក្រុង។

9. ព្រះ‌បាទ​ដាវីឌ​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ដ្បិត​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​គង់​នៅ​ជា​មួយ។

10. នេះ​ជា​បញ្ជី​រាយ​នាម​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ គឺ​អស់​អ្នក​ដែល​បាន​ជួយ​ជ្រោម‌ជ្រែង​ឲ្យ​ស្ដេច​ទទួល​រាជ​សម្បត្តិ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ឲ្យ​ស្ដេច​បាន​សោយ​រាជ្យ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ស្ដី​អំពី​ជន‌ជាតិ​អ៊ីស្រា‌អែល។

11. ពួក​ទាហាន​ដ៏​អង់‌អាច​របស់​ព្រះ‌បាទ​ដាវីឌ មាន​រាយ​នាម​តាម​ចំនួន​របស់​ពួក​គេ​ដូច​ត​ទៅ:លោក​យ៉ាសុ‌បៀម​ជា​កូន​របស់​លោក​ហាក់‌មុនី លោក​ជា​ប្រមុខ​លើ​មេ​បញ្ជា​ការ​សាម‌សិប​នាក់។ គឺ​លោក​ហើយ​ដែល​បាន​ប្រើ​លំពែង សម្លាប់​ខ្មាំង​អស់​បី​រយ​នាក់ ក្នុង​ពេល​តែ​មួយ។

12. បន្ទាប់​មក មាន​លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ដូដូរ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ លោក​ជា​នាយ​ទាហាន​ម្នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ដ៏​អង់‌អាច​ទាំង​បី។

13. លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលីស្ទីន។

14. ពេល​នោះ លោក​អេ‌ឡា‌សារ និង​ទាហាន​របស់​លោក ឈរ​នៅ​កណ្ដាល​ចម្ការ​នោះ ហើយ​វាយ​ប្រហារ​ជន‌ជាតិ​ភីលីស្ទីន ដណ្ដើម​យក​បាន​ចម្ការ​នោះ​មក​វិញ។ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជំនះ​ដ៏​ធំ‌ធេង។

15. ថ្ងៃ​មួយ នាយ​ទាហាន​បី​រូប​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ បាន​នាំ​គ្នា​ចូល​គាល់​ព្រះ‌បាទ​ដាវីឌ ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម នៅ​ពេល​ដែល​ទាហាន​ភីលីស្ទីន​បោះ​ទ័ព​នៅ​ជ្រលង​ភ្នំ​រេ‌ផែម។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 11