គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 10:5-14 Khmer Standard Version (KHSV)

5. កាល​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​ដែរ។

6. ដូច្នេះ ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ ព្រម​ទាំង​ញាតិ​វង្ស​ទាំង​អស់ បាត់​បង់​ជីវិត​ក្នុង​ពេល​ជា​មួយ​គ្នា។

7. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ ឃើញ​ថា​អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រា សុគត​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់​ទៅ។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

8. ស្អែក​ឡើង ពួក​ភីលីស្ទីន​នាំ​គ្នា​មក​ប្រមូល​របស់​របរ​ដែល​នៅ​ជាប់​នឹង​សាក‌សព ហើយ​ឃើញ​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ នៅ​លើ​ភ្នំ​គីល‌បោ។

9. ពួក​គេ​ក៏​ដោះ​អ្វីៗ​ទាំង​អស់​ចេញ​ពី​សព​របស់​ស្ដេច ព្រម​ទាំង​កាត់​ក និង​យក​គ្រឿង​សស្ត្រា‌វុធ​ទៅ​ជា​មួយ រួច​ផ្ញើ​ដំណឹង​នេះ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល ឲ្យ​ប្រកាស​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​គេ និង​ប្រកាស​ប្រាប់​ប្រជា‌ជន។

10. បន្ទាប់​មក ពួក​គេ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​ព្រះ‌បាទ​សូល​ទៅ​តម្កល់​ទុក​ក្នុង​វិហារ​នៃ​ព្រះ​របស់​គេ ហើយ​យក​ព្រះ‌សិរសា​របស់​ស្ដេច​ទៅ​ព្យួរ​នៅ​ក្នុង​វិហារ​ព្រះ‌ដាកុន។

11. កាល​អ្នក​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ ដឹង​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ពួក​ភីលីស្ទីន​បាន​ប្រព្រឹត្ត​ចំពោះ​សព​របស់​ព្រះ‌បាទ​សូល

12. ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ នាំ​គ្នា​ចេញ​ដំណើរ​ទៅ​យក​សព​របស់​ព្រះ‌បាទ​សូល និង​បុត្រា នាំ​មក​ក្រុង​យ៉ាបេស​វិញ។ ពួក​គេ​រើស​ធាតុ​យក​ទៅ​បញ្ចុះ​ក្រោម​ដើម​ជ្រៃ​មួយ​នៅ​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អាហារ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។

13. ព្រះ‌បាទ​សូល​សោយ​ទិវង្គត ព្រោះ​តែ​ស្ដេច​បាន​ប្រព្រឹត្ត​ខុស ដោយ​ក្បត់​នឹង​ព្រះ‌អម្ចាស់ គឺ​ស្ដេច​ពុំ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ស្ដេច​បាន​ទៅ​រក​គ្រូ​អន្ទង​ខ្មោច​ទស្សន៍‌ទាយ​ឲ្យ។

14. ស្ដេច​ពុំ​បាន​ទូល​សួរ​ព្រះ‌អម្ចាស់​ទេ ហេតុ​នេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្ដេច​សោយ​ទិវង្គត ហើយ​ផ្ទេរ​រាជ​សម្បត្តិ​ទៅ​ឲ្យ​ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ​វិញ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 10