គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 10:1-7 Khmer Standard Version (KHSV)

1. កង‌ទ័ព​ភីលីស្ទីន​បាន​វាយ​ប្រហារ​កង‌ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ពល​ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ពួក​ភីលីស្ទីន។ ទាហាន​អ៊ីស្រា‌អែល​ជា​ច្រើន​បាន​ស្លាប់​នៅ​លើ​ភ្នំ​គីល‌បោ។

2. ពួក​ភីលីស្ទីន​បាន​ដេញ​តាម​ព្រះ‌បាទ​សូល និង​បុត្រៗ​របស់​ស្ដេច​យ៉ាង​ប្រកិត។ ពួក​គេ​សម្លាប់​សម្ដេច​យ៉ូណា‌ថាន សម្ដេច​អប៊ី‌ណាដាប់ និង​សម្ដេច​ម៉ាល់គី‌ស៊ូអា ជា​បុត្រ​របស់​ព្រះ‌បាទ​សូល។

3. បន្ទាប់​មក គេ​សម្រុក​ទៅ​លើ​ព្រះ‌បាទ​សូល។ ទ័ព​បាញ់​ព្រួញ​បាន​ដេញ​តាម​ទាន់​ព្រះ‌បាទ​សូល ធ្វើ​ឲ្យ​ទ្រង់​តក់‌ស្លុត​យ៉ាង​ខ្លាំង។

4. ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​សេនា ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច​ថា៖ «ចូរ​ហូត​ដាវ​របស់​ឯង​ចាក់​យើង​មក ព្រោះ​យើង​មិន​ចង់​ឲ្យ​សាសន៍​ដទៃ​សម្លាប់​យើង ហើយ​ប្រមាថ​មើល‌ងាយ​យើង​ទេ»។ សេនា​នោះ​មិន​ហ៊ាន​សម្លាប់​ស្ដេច​ឡើយ ព្រោះ​គាត់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ដូច្នេះ ព្រះ‌បាទ​សូល​ក៏​ហូត​ដាវ ហើយ​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​នោះ​ទៅ។

5. កាល​សេនា​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ស្ដេច​ឃើញ​ស្ដេច​សោយ​ទិវង្គត​ដូច្នេះ គាត់​ក៏​ហូត​ដាវ រួច​ផ្ដួល​ខ្លួន​លើ​មុខ​ដាវ​ដែរ។

6. ដូច្នេះ ព្រះ‌បាទ​សូល និង​បុត្រា​ទាំង​បី​អង្គ ព្រម​ទាំង​ញាតិ​វង្ស​ទាំង​អស់ បាត់​បង់​ជីវិត​ក្នុង​ពេល​ជា​មួយ​គ្នា។

7. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ ឃើញ​ថា​អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រា សុគត​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់​ទៅ។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 10