គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 9:5-14 Khmer Standard Version (KHSV)

5. យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​អ្នក​នៅ​ស្រុក​អ៊ីស្រា‌អែល​រហូត​ត​ទៅ ដូច​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក​ថា “ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​តែងតែ​មាន​ម្នាក់​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ជា‌និច្ច”។

6. ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា និង​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា បែក​ចិត្ត​ចេញ​ពី​យើង ហើយ​មិន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​ដែល​យើង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទេ ឬ​ប្រសិន​បើ​អ្នក​ទៅ​គោរព និង​ថ្វាយ‌បង្គំ​ព្រះ​ដទៃ

7. យើង​នឹង​ដក​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ទឹក​ដី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ ហើយ​យើង​ក៏​បោះ‌បង់​ចោល​ព្រះ‌ដំណាក់​ដែល​យើង​បាន​ញែក​ទុក​ជា​កន្លែង​ដ៏​សក្ការៈ សម្រាប់​នាម​យើង​នោះ ឲ្យ​ឆ្ងាយ​ពី​មុខ​យើង។ អ៊ីស្រា‌អែល​នឹង​ត្រូវ​ជាតិ​សាសន៍​ទាំង​អស់​មាក់‌ងាយ ចំអក​ឲ្យ។

8. ពេល​មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ហើយ​ធ្លាប់​តែ​ឃើញ​ព្រះ‌ដំណាក់​ដ៏​ស្កឹម‌ស្កៃ ពួក​គេ​នឹង​ស្រឡាំង‌កាំង ហើយ​នឹក​ហួស​ចិត្ត ទាំង​ពោល​ថា “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ស្រុក​នេះ និង​ព្រះ‌ដំណាក់​នេះ?”។

9. គេ​នឹង​ឆ្លើយ​ប្រាប់​អ្នក​ទាំង​នោះ​ថា “ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បោះ‌បង់​ចោល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ គឺ​ព្រះ​ដែល​បាន​នាំ​ដូនតា​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ពួក​គេ​ជំពាក់​ចិត្ត​នឹង​ព្រះ​ដទៃ ហើយ​គោរព​បម្រើ និង​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​រង​ទុក្ខ​វេទនា”»។

10. ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ម្ភៃ​ឆ្នាំ ដើម្បី​កសាង​សំណង់​ពីរ គឺ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​វាំង​របស់​ស្ដេច។

11. ពេល​នោះ ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស បាន​ផ្ដល់​ឈើ​តាត្រៅ ឈើ​កកោះ និង​មាស ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន តាម​តែ​ទ្រង់​ត្រូវ​ការ សម្រាប់​សំណង់​ទាំង​នោះ។ ព្រះ‌បាទ​សាឡូម៉ូន​ក៏​ប្រគល់​ក្រុង​ចំនួន​ម្ភៃ​ក្នុង​ស្រុក​កាលី‌ឡេ ថ្វាយ​ព្រះ‌បាទ​ហ៊ីរ៉ាម​វិញ​ដែរ។

12. ព្រះ‌បាទ​ហ៊ីរ៉ាម​យាង​ចេញ​ពី​ទីក្រុង​ទីរ៉ុស​ទៅ​ពិនិត្យ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ទេ។

13. ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ប្រទាន​ក្រុង​បែប​នេះ​ឲ្យ​ទូលបង្គំ!»។ ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល» ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

14. ព្រះ‌បាទ​ហ៊ីរ៉ាម​បាន​យក​មាស​ទម្ងន់​បួន​ពាន់​គីឡូ‌ក្រាម​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 9