គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 8:57-66 Khmer Standard Version (KHSV)

57. សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង គង់​នៅ​ជា​មួយ​ពួក​យើង ដូច​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​បុព្វបុរស​របស់​ពួក​យើង​ដែរ! សូម​ព្រះ‌អង្គ​កុំ​បោះ‌បង់ និង​បំភ្លេច​ពួក​យើង​ចោល​ឡើយ។

58. សូម​ព្រះ‌អង្គ​បង្វែរ​ចិត្ត​ពួក​យើង​ទៅ​រក​ព្រះ‌អង្គ ដើម្បី​ឲ្យ​ពួក​យើង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ព្រម​ទាំង​គោរព​ប្រតិបត្តិ តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បុព្វបុរស​របស់​ពួក​យើង។

59. សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង នឹក​ចាំ​ទាំង​ថ្ងៃ​ទាំង​យប់​នូវ​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ​ព្រះ‌អង្គ ហើយ​សូម​ព្រះ‌អង្គ​មេត្តា​ជួយ​ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។

60. ដូច្នេះ ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទទួល​ស្គាល់​ថា មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​ពិត​ជា​ព្រះ‌ជាម្ចាស់ គឺ​គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

61. ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ និង​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ធ្វើ​នៅ​ពេល​នេះ​ដែរ»។

62. ព្រះ‌បាទ​សាឡូម៉ូន និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់។

63. ព្រះ‌រាជា និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ថ្វាយ​យញ្ញ‌បូជា​មេត្រី​ដល់​ព្រះ‌អម្ចាស់ គឺ​ថ្វាយ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។

64. ថ្ងៃ​នោះ ព្រះ‌រាជា​ញែក​ទី‌លាន​នៅ​ខាង​មុខ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​សក្ការៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ខ្លាញ់​របស់​សត្វ​ដែល​ជា​យញ្ញ‌បូជា​មេត្រី‌ភាព ដ្បិត​អាសនៈ​លង្ហិន​នៅ​មុខ​ទ្វារ​ចូល​ទី‌សក្ការៈ​នោះ​តូច​ពេក ពុំ​អាច​ដាក់​តង្វាយ​ទាំង​អស់​បាន។

65. ក្នុង​ឱកាស​នោះ ព្រះ‌បាទ​សាឡូម៉ូន​ប្រារព្ធ​ពិធី​បុណ្យ​រួម​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​ធ្វើ​ដំណើរ​តាំង​ពី​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប មក​មូល​គ្នា​ជា​អង្គ​ប្រជុំ​យ៉ាង​ធំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ រួច​ហើយ​ប្រាំ‌ពីរ​ថ្ងៃ​ទៀត គឺ​សរុប​ទាំង​អស់​ដប់‌បួន​ថ្ងៃ។

66. នៅ​ថ្ងៃ​ទី​ប្រាំ​បី ព្រះ‌រាជា​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិល​ត្រឡប់​ទៅ​វិញ។ លុះ​ថ្វាយ​ពរ​ព្រះ‌រាជា​រួច​ហើយ ប្រជា‌ជន​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ពួក​គេ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក‌រាយ ព្រោះ​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ចំពោះ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 8