53. ព្រះអង្គបានញែកយើងខ្ញុំពីក្នុងចំណោមជាតិសាសន៍ទាំងអស់ នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ដូចព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ នៅពេលដែលព្រះអង្គនាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។
54. ពេលព្រះបាទសាឡូម៉ូនទូលព្រះអម្ចាស់ នូវពាក្យអធិស្ឋាន និងអង្វរទាំងនេះ ចប់សព្វគ្រប់ហើយ ទ្រង់ក៏ក្រោកឈរឡើង នៅមុខអាសនៈរបស់ព្រះអម្ចាស់ ជាកន្លែងដែលស្ដេចបានលុតជង្គង់នោះ។ ស្ដេចលើកព្រះហស្ដឡើងលើ
55. ហើយប្រទានពរអង្គប្រជុំនៃជនជាតិអ៊ីស្រាអែល ដោយបន្លឺព្រះសូរសៀងខ្លាំងៗថា៖
56. «សូមអរព្រះគុណព្រះអម្ចាស់ ដែលប្រោសប្រទានឲ្យជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ បានសុខសាន្ត ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះអង្គសម្រេចតាមព្រះបន្ទូលដ៏ថ្លៃថ្លា ដែលព្រះអង្គបានថ្លែងតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឥតខ្វះត្រង់ណាឡើយ។
57. សូមព្រះអម្ចាស់ជាព្រះនៃយើង គង់នៅជាមួយពួកយើង ដូចព្រះអង្គគង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមព្រះអង្គកុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។
58. សូមព្រះអង្គបង្វែរចិត្តពួកយើងទៅរកព្រះអង្គ ដើម្បីឲ្យពួកយើងដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ព្រមទាំងគោរពប្រតិបត្តិ តាមបទបញ្ជា ច្បាប់ និងវិន័យដែលព្រះអង្គប្រទានឲ្យបុព្វបុរសរបស់ពួកយើង។
59. សូមព្រះអម្ចាស់ ជាព្រះនៃយើង នឹកចាំទាំងថ្ងៃទាំងយប់នូវពាក្យដែលខ្ញុំទូលអង្វរព្រះអង្គ ហើយសូមព្រះអង្គមេត្តាជួយដល់ខ្ញុំជាអ្នកបម្រើរបស់ព្រះអង្គ និងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គជារៀងរាល់ថ្ងៃ។
60. ដូច្នេះ ជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះជាម្ចាស់ គឺគ្មានព្រះឯណាទៀតឡើយ។
61. ចូរមានចិត្តស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះនៃយើង ហើយប្រតិបត្តិតាមច្បាប់របស់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ ដូចអ្នករាល់គ្នាធ្វើនៅពេលនេះដែរ»។
62. ព្រះបាទសាឡូម៉ូន និងប្រជាជនអ៊ីស្រាអែលទាំងអស់ដែលនៅទីនោះ បានថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
63. ព្រះរាជា និងប្រជាជនអ៊ីស្រាអែលទាំងអស់ បានធ្វើពិធីឆ្លងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនថ្វាយយញ្ញបូជាមេត្រីដល់ព្រះអម្ចាស់ គឺថ្វាយគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។
64. ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិននៅមុខទ្វារចូលទីសក្ការៈនោះតូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។
65. ក្នុងឱកាសនោះ ព្រះបាទសាឡូម៉ូនប្រារព្ធពិធីបុណ្យរួមជាមួយប្រជាជនអ៊ីស្រាអែលទាំងមូល ពួកគេធ្វើដំណើរតាំងពីច្រកចូលក្រុងហាម៉ាត់ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប មកមូលគ្នាជាអង្គប្រជុំយ៉ាងធំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះនៃយើងអស់រយៈពេលប្រាំពីរថ្ងៃ រួចហើយប្រាំពីរថ្ងៃទៀត គឺសរុបទាំងអស់ដប់បួនថ្ងៃ។
66. នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនអ៊ីស្រាអែលវិលត្រឡប់ទៅវិញ។ លុះថ្វាយពរព្រះរាជារួចហើយ ប្រជាជនវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ព្រោះព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរសចំពោះព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងចំពោះអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។