គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 8:5-17 Khmer Standard Version (KHSV)

5. ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ថ្វាយ​ជា​យញ្ញ‌បូជា។

6. បូជា‌ចារ្យ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់​ត្រង់​កន្លែង ដែល​គេ​បម្រុង​ទុក​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត នៅ​ក្រោម​ស្លាប​របស់​ចេរូប៊ីន។

7. ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។

8. ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ​ពី​ទី‌សក្ការៈ ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

9. នៅ​ក្នុង​ហិប គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​លោក​ម៉ូសេ​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​លោក​ទទួល​នៅ​ភ្នំ​ហោរែប កាល​ព្រះ‌អម្ចាស់​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

10. កាល​អស់​លោក​បូជា‌ចារ្យ*​ចេញ​ពី​ទី‌សក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក*​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

11. ដោយ‌សារ​តែ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ។

12. ពេល​នោះ ព្រះ‌បាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ដូច​ត​ទៅ៖«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​គង់​ក្នុង​ពពក​ដ៏​ក្រាស់!

13. ទូលបង្គំ​បាន​សង់​ព្រះ‌វិហារ​ដ៏​ថ្កុំ‌ថ្កើង​នេះធ្វើ​ជា​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អង្គ​គង់អស់‌កល្ប​ជា‌និច្ច»។

14. ព្រះ‌រាជា​បែរ​មក ហើយ​ប្រទាន​ពរ​ដល់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ។

15. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រះ‌អង្គ​សម្តែង​ព្រះ‌បារមី ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​សន្យា​ចំពោះ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ

16. គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សម្រាប់​សម្តែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើស‌រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។

17. ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ខ្ញុំ មាន​បំណង​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 8