គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 8:48-57 Khmer Standard Version (KHSV)

48. នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូល‌អង្វរ​ព្រះ‌អង្គ​ឆ្ពោះ​មក​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះ‌អង្គ

49. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ផង។

50. សូម​លើក‌លែង​ទោស​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប និង​អំពើ​ទុច្ចរិត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ សូម​បណ្ដាល​ឲ្យ​ខ្មាំង​សត្រូវ​ដែល​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ​នោះ មាន​ចិត្ត​អាណិត​អាសូរ​ដល់​ពួក​គេ​ផង។

51. ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​នាំ​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប។

52. សូម​ព្រះ‌អង្គ​ទត​មើល​មក​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​យើង​ខ្ញុំ​គ្រប់​ពេល ដែល​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌អង្គ។

53. ព្រះ‌អង្គ​បាន​ញែក​យើង​ខ្ញុំ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ នៅ​លើ​ផែនដី ដើម្បី​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដូច​ព្រះ‌អង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​ពេល​ដែល​ព្រះ‌អង្គ​នាំ​ដូនតា​របស់​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប»។

54. ពេល​ព្រះ‌បាទ​សាឡូម៉ូន​ទូល​ព្រះ‌អម្ចាស់ នូវ​ពាក្យ​អធិស្ឋាន និង​អង្វរ​ទាំង​នេះ ចប់​សព្វ​គ្រប់​ហើយ ទ្រង់​ក៏​ក្រោក​ឈរ​ឡើង នៅ​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​ស្ដេច​បាន​លុត​ជង្គង់​នោះ។ ស្ដេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ

55. ហើយ​ប្រទាន​ពរ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖

56. «សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ដែល​ប្រោស​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ បាន​សុខ‌សាន្ត ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​សម្រេច​តាម​ព្រះ‌បន្ទូល​ដ៏​ថ្លៃ‌ថ្លា ដែល​ព្រះ‌អង្គ​បាន​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឥត​ខ្វះ​ត្រង់​ណា​ឡើយ។

57. សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង គង់​នៅ​ជា​មួយ​ពួក​យើង ដូច​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​បុព្វបុរស​របស់​ពួក​យើង​ដែរ! សូម​ព្រះ‌អង្គ​កុំ​បោះ‌បង់ និង​បំភ្លេច​ពួក​យើង​ចោល​ឡើយ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 8