គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 8:39-45 Khmer Standard Version (KHSV)

39. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។

40. ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​យើង​ខ្ញុំ។

41. ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អង្គ

42. (ដ្បិត​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ នឹង​ល្បី​ខ្ចរ‌ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះ‌អង្គ ក្នុង​ព្រះ‌ដំណាក់​នេះ

43. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​ទូល​សូម​ពី​ព្រះ‌អង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដូច​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​មែន។

44. កាល​ណា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះ‌អង្គ រួច​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះ‌អង្គ

45. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 8