គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 8:36-49 Khmer Standard Version (KHSV)

36. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​លើក‌លែង​ទោស​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឲ្យ​បាន​រួច​ពី​បាប​ផង គឺ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។ សូម​បង្រៀន​ពួក​គេ​ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​សុចរិត និង​ប្រទាន​ទឹក​ភ្លៀង​មក​លើ​ទឹក​ដី​របស់​ព្រះ‌អង្គ គឺ​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ទុក​ជា​កេរ‌មត៌ក។

37. កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ត្រ នៅ​ក្នុង​ស្រុក និង​តាម​ទ្វារ​ក្រុង​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ

38. ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ក្នុង​ចិត្ត រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់

39. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ព្រះ‌អង្គ​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។

40. ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​រហូត​ត​ទៅ ហើយ​ពួក​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​យើង​ខ្ញុំ។

41. ម្យ៉ាង​ទៀត ប្រសិន​បើ​ជន​បរទេស ដែល​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ មក​ពី​ស្រុក​ឆ្ងាយ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អង្គ

42. (ដ្បិត​ព្រះ‌នាម​ដ៏​ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះ‌អង្គ នឹង​ល្បី​ខ្ចរ‌ខ្ចាយ​ទៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា) ប្រសិន​បើ​ជន​បរទេស​នោះ​មក​អង្វរ​ព្រះ‌អង្គ ក្នុង​ព្រះ‌ដំណាក់​នេះ

43. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​ទូល​សូម​ពី​ព្រះ‌អង្គ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​គោរព​កោត​ខ្លាច​ព្រះ‌អង្គ ដូច​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ​មែន។

44. កាល​ណា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចេញ​ទៅ​ច្បាំង​នឹង​ខ្មាំង​សត្រូវ​តាម​បញ្ជា​របស់​ព្រះ‌អង្គ រួច​ទូល‌អង្វរ​ព្រះ‌អម្ចាស់​ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះ‌អង្គ

45. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​ផង។

46. កាល​ណា​ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ (ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ) ពេល​នោះ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​ខ្លួន ទោះ​ឆ្ងាយ ឬ​ជិត​ក្ដី

47. ប្រសិន​បើ​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ឈ្លើយ ពួក​គេ​ភ្ញាក់​រលឹក រួច​វិល​មក​រក​ព្រះ‌អង្គ​វិញ ហើយ​ទូល‌អង្វរ​ថា “យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់!”។

48. នៅ​ក្នុង​ស្រុក​ដែល​ខ្មាំង​ចាប់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ​នោះ ប្រសិន​បើ​ពួក​គេ​វិល​មក​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត រួច​ទូល‌អង្វរ​ព្រះ‌អង្គ​ឆ្ពោះ​មក​ស្រុក​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ដូនតា​របស់​គេ ឆ្ពោះ​មក​ក្រុង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស និង​ឆ្ពោះ​មក​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​បាន​សង់​ថ្វាយ​ព្រះ‌អង្គ

49. សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ​ស្ដាប់​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ ហើយ​រំដោះ​ពួក​គេ​ផង។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 8