គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 7:22-40 Khmer Standard Version (KHSV)

22. ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។

23. លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​ជុំ‌វិញ​រង្វង់​សាម‌សិប​ហត្ថ។

24. នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ​មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំ‌វិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។

25. អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។

26. អាង​នេះ​មាន​កំរាស់​មួយ​ទះ មាត់​របស់​វា​រីក​ចេញ​ដូច​មាត់​ពែង និង​មាន​រាង​ដូច​ផ្កា​ម្លិះ ហើយ​មាន​ចំណុះ​ប្រមាណ​ពីរ​ពាន់​អំរែក។

27. លោក​ហ៊ីរ៉ាម​បាន​ធ្វើ​រទេះ​លង្ហិន​ចំនួន​ដប់។ រទេះ​នីមួយៗ​មាន​បណ្ដោយ​បួន​ហត្ថ ទទឹង​បួន​ហត្ថ និង​កំពស់​បី​ហត្ថ។

28. គាត់​ធ្វើ​រទេះ​ដូច​ត​ទៅ: គាត់​សិត​បន្ទះ​លង្ហិន​ជា​ច្រើន រួច​តំរៀប​គ្នា​នៅ​លើ​គ្រោង។

29. នៅ​លើ​បន្ទះ​លង្ហិន​ទាំង​នោះ​មាន​ឆ្លាក់​រូប​សិង្ហ គោ ចេរូប៊ីន។ នៅ​ផ្នែក​ខាង​លើ និង​ផ្នែក​ខាង​ក្រោម​នៃ​គ្រោង ក៏​មាន​ឆ្លាក់​រូប​សិង្ហ គោ និង​មាន​ឆ្លាក់​ក្បាច់​រំយោល​លំអ​ដែរ។

30. រទេះ​នីមួយៗ​មាន​កង់​បួន​ធ្វើ​ពី​លង្ហិន ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ​ភ្លៅ​ធ្វើ​ពី​លង្ហិន។ នៅ​ត្រង់​មុម​ទាំង​បួន មាន​ជើង​សម្រាប់​ទ្រ​មុម ធ្វើ​ពី​លង្ហិន ភ្ជាប់​ទៅ​នឹង​តួ​រទេះ នៅ​ខាង​ក្រោម​ក្បាច់​រំយោល។

31. ផ្នែក​ខាង​លើ​តួ​រទេះ​មាន​កំណល់​មួយ​រាង​មូល សម្រាប់​ទ្រ​អាង។ កំណល់​នេះ​ខ្ពស់​ផុត​ពី​តួ​រទេះ​មួយ​ហត្ថ មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។ នៅ​លើ​កំណល់​នេះ​ក៏​មាន​ឆ្លាក់​ជា​ក្បាច់​ដែរ។ រីឯ​តួ​រទេះ​វិញ​មាន​រាង​បួន​ជ្រុង គឺ​មិន​មែន​មូល​ទេ។

32. រីឯ​កង់​ទាំង​បួន​វិញ​ស្ថិត​នៅ​ក្រោម​តួ​រទេះ ហើយ​ភ្ជាប់​ទៅ​នឹង​តួ​ដោយ‌សារ​ភ្លៅ។ កង់​នីមួយៗ​មាន​អង្កត់​ផ្ចិត​មួយ​ហត្ថ​កន្លះ។

33. កង់​ទាំង​នោះ​មាន​រាង​ដូច​កង់​រទេះ​ដែរ គឺ​មាន​ភ្លៅ ខ្នង កាំ និង​ដុំ ធ្វើ​អំពី​លង្ហិន​ទាំង​អស់។

34. ជើង​សម្រាប់​ទ្រ​មុម​ទាំង​បួន​របស់​រទេះ​សិត‌ភ្ជាប់​ទៅ​នឹង​តួ។

35. ផ្នែក​ខាង​លើ​រទេះ​មាន​រង្វង់​មូល​មួយ ដែល​មាន​កន្លះ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​នេះ​ក៏​មាន​ជើង​កំណល់ សិត‌ភ្ជាប់​ទៅ​នឹង​តួ​រទេះ​ដែរ។

36. គាត់​ឆ្លាក់​ក្បាច់​ចេរូប៊ីន សិង្ហ និង​ដើម​ចាក​នៅ​លើ​ផ្ទៃ​រាប​ស្មើ លើ​ជើង​កំណល់​ព្រម​ទាំង​ឆ្លាក់​ក្បាច់​រំយោល​ព័ទ្ធ​ជុំ‌វិញ​ផង។

37. គាត់​ធ្វើ​រទេះ​ទាំង​ដប់​នេះ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា រទេះ​នីមួយៗ​សិត​ធ្វើ​អំពី​លោហ‌ធាតុ​តែ​មួយ​ដុំ។

38. លោក​ហ៊ីរ៉ាម​សិត​ធ្វើ​អាង​លង្ហិន​ចំនួន​ដប់ សម្រាប់​ដាក់​លើ​រទេះ​ទាំង​ដប់​នេះ។ អាង​នីមួយៗ​មាន​កំពស់​បួន​ហត្ថ និង​មាន​ចំណុះ​សែ‌សិប​អំរែក។

39. គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្ដាំ​ព្រះ‌ដំណាក់ ត្រង់​ទិស​អគ្នេយ៍។

40. កាល​លោក​ហ៊ីរ៉ាម​ធ្វើ​អាង ប្រដាប់​ចូក​ផេះ និង​ផើង​ដាក់​ឈាម​រួច​រាល់​ហើយ លោក​ក៏​បញ្ចប់​កិច្ចការ​ទាំង​អស់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 7