20. នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតំរៀបគ្នាជាជួរដែរ។
21. គាត់លើកសសរទាំងពីរនោះបញ្ឈរ នៅខាងមុខបន្ទប់ល្វែងរបស់ព្រះវិហារ។ សសរនៅខាងស្ដាំមានឈ្មោះថា យ៉ាគីន រីឯសសរនៅខាងឆ្វេងមានឈ្មោះថា បូអូស។
22. ក្បាលសសរទាំងពីរនេះមានរាងដូចផ្កាម្លិះ។ លោកហ៊ីរ៉ាមបានធ្វើសសរទាំងពីរចប់រួចរាល់។
23. លោកហ៊ីរ៉ាមធ្វើអាងមួយយ៉ាងធំ ពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងជុំវិញរង្វង់សាមសិបហត្ថ។
24. នៅក្រោមគែមមាត់អាង មានឆ្លាក់ក្បាច់ផ្កាក្រពុំពីរជួរ ហើយក្នុងប្រវែងមួយហត្ថមានក្បាច់ផ្កាក្រពុំដប់ ព័ទ្ធជុំវិញអាង។ ក្បាច់ទាំងនោះសិតជាប់ជាមួយអាងដែរ។
25. អាងនេះទ្រដោយគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ ខ្លួនរបស់វាបែរចូលក្នុង ដើម្បីទ្រអាង។
26. អាងនេះមានកំរាស់មួយទះ មាត់របស់វារីកចេញដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរពាន់អំរែក។
27. លោកហ៊ីរ៉ាមបានធ្វើរទេះលង្ហិនចំនួនដប់។ រទេះនីមួយៗមានបណ្ដោយបួនហត្ថ ទទឹងបួនហត្ថ និងកំពស់បីហត្ថ។
28. គាត់ធ្វើរទេះដូចតទៅ: គាត់សិតបន្ទះលង្ហិនជាច្រើន រួចតំរៀបគ្នានៅលើគ្រោង។
29. នៅលើបន្ទះលង្ហិនទាំងនោះមានឆ្លាក់រូបសិង្ហ គោ ចេរូប៊ីន។ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមនៃគ្រោង ក៏មានឆ្លាក់រូបសិង្ហ គោ និងមានឆ្លាក់ក្បាច់រំយោលលំអដែរ។
30. រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសម្រាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។
31. ផ្នែកខាងលើតួរទេះមានកំណល់មួយរាងមូល សម្រាប់ទ្រអាង។ កំណល់នេះខ្ពស់ផុតពីតួរទេះមួយហត្ថ មានអង្កត់ផ្ចិតមួយហត្ថកន្លះ។ នៅលើកំណល់នេះក៏មានឆ្លាក់ជាក្បាច់ដែរ។ រីឯតួរទេះវិញមានរាងបួនជ្រុង គឺមិនមែនមូលទេ។
32. រីឯកង់ទាំងបួនវិញស្ថិតនៅក្រោមតួរទេះ ហើយភ្ជាប់ទៅនឹងតួដោយសារភ្លៅ។ កង់នីមួយៗមានអង្កត់ផ្ចិតមួយហត្ថកន្លះ។
33. កង់ទាំងនោះមានរាងដូចកង់រទេះដែរ គឺមានភ្លៅ ខ្នង កាំ និងដុំ ធ្វើអំពីលង្ហិនទាំងអស់។
34. ជើងសម្រាប់ទ្រមុមទាំងបួនរបស់រទេះសិតភ្ជាប់ទៅនឹងតួ។