គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 7:17-25 Khmer Standard Version (KHSV)

17. គាត់​សិត​លង្ហិន​ធ្វើ​ជា​ក្បាច់​ក្រឡា‌អួន និង​ច្រវាក់ តុប‌តែង​លំអ​ក្បាល​សសរ។ ក្បាល​សសរ​នីមួយៗ​មាន​កំរង​ច្រវាក់​ប្រាំ‌ពីរ​ខ្សែ។

18. គាត់​សិត​ក្បាច់​ផ្លែ​ទទឹម​ពីរ​ជួរ លំអ​ជុំ‌វិញ​ក្បាច់​ក្រឡា‌អួន​ដែល​ស្ថិត​នៅ​លើ​ក្បាល​សសរ​នីមួយៗ។

19. នៅ​លើ​សសរ​នីមួយៗ​នៃ​បន្ទប់​ល្វែង គាត់​ធ្វើ​ក្បាល​សសរ​មួយ​ជាន់​ទៀត​បន្តុប​ពី​លើ មាន​កំពស់​បួន​ហត្ថ ហើយ​មាន​ឆ្លាក់​ជា​ក្បាច់​ផ្កា​ម្លិះ។

20. នៅ​ផ្នែក​ខាង​លើ​ក្បាល​សសរ​ទី​មួយ មាន​ក្បាច់​ផ្លែ​ទទឹម​ចំនួន​ពីរ​រយ​ត្រង់​គែម​ក្បាច់​ក្រឡា‌អួន ហើយ​នៅ​លើ​ក្បាល​សសរ​ទី​ពីរ មាន​ក្បាច់​ផ្លែ​ទទឹម​ពីរ​រយ​ទៀត​តំរៀប​គ្នា​ជា​ជួរ​ដែរ។

21. គាត់​លើក​សសរ​ទាំង​ពីរ​នោះ​បញ្ឈរ នៅ​ខាង​មុខ​បន្ទប់​ល្វែង​របស់​ព្រះ‌វិហារ។ សសរ​នៅ​ខាង​ស្ដាំ​មាន​ឈ្មោះ​ថា យ៉ាគីន រីឯ​សសរ​នៅ​ខាង​ឆ្វេង​មាន​ឈ្មោះ​ថា បូអូស។

22. ក្បាល​សសរ​ទាំង​ពីរ​នេះ​មាន​រាង​ដូច​ផ្កា​ម្លិះ។ លោក​ហ៊ីរ៉ាម​បាន​ធ្វើ​សសរ​ទាំង​ពីរ​ចប់​រួច​រាល់។

23. លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ ពី​លង្ហិន ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​ជុំ‌វិញ​រង្វង់​សាម‌សិប​ហត្ថ។

24. នៅ​ក្រោម​គែម​មាត់​អាង មាន​ឆ្លាក់​ក្បាច់​ផ្កា​ក្រពុំ​ពីរ​ជួរ ហើយ​ក្នុង​ប្រវែង​មួយ​ហត្ថ​មាន​ក្បាច់​ផ្កា​ក្រពុំ​ដប់ ព័ទ្ធ​ជុំ‌វិញ​អាង។ ក្បាច់​ទាំង​នោះ​សិត​ជាប់​ជា​មួយ​អាង​ដែរ។

25. អាង​នេះ​ទ្រ​ដោយ​គោ​លង្ហិន​ចំនួន​ដប់‌ពីរ គោ​បី​បែរ​ទៅ​ខាង​ជើង គោ​បី​បែរ​ទៅ​ខាង​លិច គោ​បី​បែរ​ទៅ​ខាង​ត្បូង និង​គោ​បី​ទៀត​បែរ​ទៅ​ខាង​កើត។ ខ្លួន​របស់​វា​បែរ​ចូល​ក្នុង ដើម្បី​ទ្រ​អាង។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 7