គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 6:6-17 Khmer Standard Version (KHSV)

6. ជាន់​ខាង​ក្រោម​មាន​ទទឹង​ប្រាំ​ហត្ថ ជាន់​កណ្ដាល​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ និង​ជាន់​ខាង​លើ​មាន​ទទឹង​ប្រាំ‌ពីរ​ហត្ថ។ ជញ្ជាំង​ខាង​ក្រៅ​ព្រះ‌ដំណាក់ ពី​ក្រោម​ទៅ​លើ មាន​កំរាស់​មិន​ស្មើ​គ្នា​ទេ ធ្វើ​ដូច្នេះ ចៀស‌វាង​ចោះ​ជញ្ជាំង​ព្រះ‌ដំណាក់ សម្រាប់​ដាក់​ឈើ​ធ្នឹម។

7. គេ​សង់​ព្រះ‌ដំណាក់ ដោយ​ប្រើ​ថ្ម​ដែល​គេ​ដាប់​ទុក​ជា​មុន ហេតុ​នេះ ក្នុង​ពេល​សង់ គេ​ពុំ​ឮ​ស្នូរ​ញញួរ​ដែក​ដាប់ ឬ​គ្រឿង​ប្រដាប់​ធ្វើ​ពី​ដែក​ណា​មួយ​នៅ​ក្នុង​ព្រះ‌ដំណាក់​ទេ។

8. ទ្វារ​ចូល​បន្ទប់​ជាន់​ខាង​ក្រោម ស្ថិត​នៅ​ប៉ែក​ខាង​ស្ដាំ​នៃ​ព្រះ‌ដំណាក់ ហើយ​មាន​ជណ្ដើរ​មួយ​សម្រាប់​ឡើង​ទៅ​ជាន់​កណ្ដាល និង​ពី​ជាន់​កណ្ដាល​ទៅ​ជាន់​ខាង​លើ។

9. ក្រោយ​ពី​សង់​ព្រះ‌ដំណាក់​រួច​ហើយ ស្ដេច​សង់​ពិដាន និង​ធ្នឹម​អំពី​ឈើ​តាត្រៅ។

10. ស្ដេច​ក៏​បាន​សង់​បន្ទប់​អម​នៅ​ជុំ‌វិញ​ព្រះ‌ដំណាក់​ដែរ បន្ទប់​ទាំង​នោះ​មាន​កំពស់​ប្រាំ​ហត្ថ ក្នុង​ជាន់​នីមួយៗ ហើយ​ភ្ជាប់​នឹង​ជញ្ជាំង​ព្រះ‌ដំណាក់​ដោយ​ឈើ​តាត្រៅ។

11. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌បាទ​សាឡូម៉ូន​ថា៖

12. «អ្នក​កំពុង​តែ​សង់​ដំណាក់​នេះ​សម្រាប់​យើង។ ប្រសិន​បើ​អ្នក​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង ប្រសិន​បើ​អ្នក​គោរព​តាម​វិន័យ​របស់​យើង ហើយ​ប្រសិន​បើ​អ្នក​កាន់ និង​ធ្វើ​តាម​បទ‌បញ្ជា​របស់​យើង នោះ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ដាវីឌ ជា​បិតា​របស់​អ្នក។

13. យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​នឹង​មិន​បោះ​បង់​ចោល​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ឡើយ»។

14. ក្រោយ​បាន​សង់​ព្រះ‌ដំណាក់​រួច​ហើយ ព្រះ‌បាទ​សាឡូម៉ូន

15. ឲ្យ​គេ​ពាស​ជញ្ជាំង​ខាង​ក្នុង​ពី​ឈើ​តាត្រៅ តាំង​ពី​ក្រោម​រហូត​ដល់​ពិដាន ព្រម​ទាំង​ក្រាល​ក្ដារ​ពី​ឈើ​កកោះ​ដែរ។

16. ស្ដេច​ឲ្យ​គេ​យក​ឈើ​តាត្រៅ​ពាស​ជញ្ជាំង ប៉ែក​ខាង​ក្រោយ​ព្រះ‌ដំណាក់​ពី​ក្រោម​រហូត​ដល់​លើ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ផ្នែក​ខាង​ក្នុង​នេះ ទ្រង់​ឲ្យ​គេ​រៀប‌ចំ​ធ្វើ​ជា​ទី‌សក្ការៈ និង​ទី‌សក្ការៈ​បំផុត។

17. បន្ទប់​ធំ​ដែល​នៅ​ខាង​មុខ​ទី‌សក្ការៈ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 6