គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 6:20-38 Khmer Standard Version (KHSV)

20. ជ្រុង​នីមួយៗ​របស់​ទី‌សក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កំពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ​មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។

21. ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ព្រះ‌ដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទី‌សក្ការៈ ដែល​ស្ដេច​បាន​ស្រោប​មាស​ដែរ។

22. ដូច្នេះ ព្រះ‌ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ​នៅ​ខាង​មុខ​ទី‌សក្ការៈ​ក៏​ស្រោប​មាស​ដែរ។

23. នៅ​ក្នុង​ទី‌សក្ការៈ ស្ដេច​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន*​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីន​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ។

24. ស្លាប​នីមួយៗ​របស់​ចេរូប៊ីន​ទី​មួយ​មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។

25. ស្លាប​ទាំង​ពីរ​របស់​ចេរូ‌ប៊ីន​ទី​ពីរ​ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ចេរូ‌ប៊ីន​ទាំង​ពីរ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា។

26. ចេរូប៊ីន​ទី​មួយ​មាន​កំពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កំពស់​ប៉ុន​គ្នា​ដែរ។

27. ស្ដេច​ដាក់​ចេរូ‌ប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទី‌សក្ការៈ ចេរូ‌ប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូ‌ប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទី‌សក្ការៈ។

28. ស្ដេច​ឲ្យ​គេ​ស្រោប​រូប​ចេរូ‌ប៊ីន​ទាំង​ពីរ​នេះ ដោយ​មាស។

29. នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា‌រីក​ផង។

30. រីឯ​ក្ដារ​ក្រាល​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​សុទ្ធ​តែ​ស្រោប​មាស។

31. នៅ​ច្រក​ចូល​ទី‌សក្ការៈ ស្ដេច​ឲ្យ​គេ​ធ្វើ​ទ្វារ​ពី​ឈើ​អូលីវ។ ក្រប​ទ្វារ​នេះ​មាន​កំពស់​មួយ​ភាគ​ប្រាំ​នៃ​ជញ្ជាំង។

32. សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​អូលីវ។ នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ​នោះ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស គឺ​ទាំង​ក្បាច់​ចេរូ‌ប៊ីន ទាំង​ក្បាច់​ដើម​ចាក​សុទ្ធ​តែ​ស្រោប​មាស។

33. រីឯ​ច្រក​ចូល​ព្រះ‌វិហារ ស្ដេច​ឲ្យ​គេ​ធ្វើ​ក្រប​ទ្វារ​ពី​ឈើ​អូលីវ​ដែរ។ ក្រប​ទ្វារ​នោះ​មាន​កំពស់​មួយ​ភាគ​បួន​នៃ​ជញ្ជាំង។

34. សន្លឹក​ទ្វារ​ទាំង​ពីរ​ធ្វើ​ពី​ឈើ​កកោះ សន្លឹក​នីមួយៗ​មាន​ពីរ​ផ្ទាំង ដែល​អាច​បត់​ចូល​គ្នា​បាន។

35. នៅ​លើ​សន្លឹក​ទ្វារ​ទាំង​ពីរ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា​រីក ព្រម​ទាំង​ស្រោប​មាស​តម្រូវ​តាម​ក្បាច់​នោះ​ផង។

36. បន្ទាប់​មក ស្ដេច​ឲ្យ​គេ​ធ្វើ​ទី‌លាន​ខាង​ក្នុង​ពី​ថ្ម‌ដាប់​បី​ជាន់ និង​ឈើ​តាត្រៅ​មួយ​ជាន់។

37. ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​ពិសាខ គេ​បាន​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

38. ក្នុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សាឡូម៉ូន នៅ​ខែ​កត្ដិក គឺ​ជា​ខែ​ទី​ប្រាំ​បី គេ​បាន​សង់​ព្រះ‌ដំណាក់​រួច​ជា​ស្រេច តាម​គម្រោង​សំណង់។ ដូច្នេះ ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 6