គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 6:20-29 Khmer Standard Version (KHSV)

20. ជ្រុង​នីមួយៗ​របស់​ទី‌សក្ការៈ​មាន​ប្រវែង​ម្ភៃ​ហត្ថ កំពស់​ម្ភៃ​ហត្ថ ហើយ​ស្រោប​មាស​សុទ្ធ​ទាំង​អស់។ រីឯ​អាសនៈ​មាន​ពាស​ទៅ​ដោយ​ឈើ​តាត្រៅ។

21. ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​មាស​សុទ្ធ​មក​ស្រោប​ប៉ែក​ខាង​ក្នុង​ព្រះ‌ដំណាក់ ហើយ​យក​ច្រវាក់​ធ្វើ​ពី​មាស​មក​ចង​ខណ្ឌ​នៅ​មុខ​ទី‌សក្ការៈ ដែល​ស្ដេច​បាន​ស្រោប​មាស​ដែរ។

22. ដូច្នេះ ព្រះ‌ដំណាក់​ទាំង​មូល​សុទ្ធ​តែ​ស្រោប​មាស អាសនៈ​នៅ​ខាង​មុខ​ទី‌សក្ការៈ​ក៏​ស្រោប​មាស​ដែរ។

23. នៅ​ក្នុង​ទី‌សក្ការៈ ស្ដេច​ឲ្យ​គេ​ឆ្លាក់​រូប​ចេរូ‌ប៊ីន*​មួយ​គូ​ធ្វើ​អំពី​ឈើ​អូលីវ ចេរូ‌ប៊ីន​នីមួយៗ​មាន​កំពស់​ដប់​ហត្ថ។

24. ស្លាប​នីមួយៗ​របស់​ចេរូប៊ីន​ទី​មួយ​មាន​ប្រវែង​ប្រាំ​ហត្ថ គឺ​ពី​ចុង​ស្លាប​ម្ខាង​ទៅ​ចុង​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ដប់​ហត្ថ។

25. ស្លាប​ទាំង​ពីរ​របស់​ចេរូ‌ប៊ីន​ទី​ពីរ​ក៏​មាន​ប្រវែង​ដប់​ហត្ថ​ដែរ។ ចេរូ‌ប៊ីន​ទាំង​ពីរ​មាន​ទំហំ និង​ទ្រង់‌ទ្រាយ​ដូច​គ្នា។

26. ចេរូប៊ីន​ទី​មួយ​មាន​កំពស់​ដប់​ហត្ថ ហើយ​រូប​ទី​ពីរ​ក៏​មាន​កំពស់​ប៉ុន​គ្នា​ដែរ។

27. ស្ដេច​ដាក់​ចេរូ‌ប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទី‌សក្ការៈ ចេរូ‌ប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូ‌ប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទី‌សក្ការៈ។

28. ស្ដេច​ឲ្យ​គេ​ស្រោប​រូប​ចេរូ‌ប៊ីន​ទាំង​ពីរ​នេះ ដោយ​មាស។

29. នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា‌រីក​ផង។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 6