17. បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្ដោយសែសិបហត្ថ។
18. ឈើតាត្រៅដែលគេពាសផ្នែកខាងក្នុងព្រះដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។
19. ស្ដេចរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយព្រះដំណាក់ សម្រាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។
20. ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈមានពាសទៅដោយឈើតាត្រៅ។
21. ព្រះបាទសាឡូម៉ូនបានយកមាសសុទ្ធមកស្រោបប៉ែកខាងក្នុងព្រះដំណាក់ ហើយយកច្រវាក់ធ្វើពីមាសមកចងខណ្ឌនៅមុខទីសក្ការៈ ដែលស្ដេចបានស្រោបមាសដែរ។
22. ដូច្នេះ ព្រះដំណាក់ទាំងមូលសុទ្ធតែស្រោបមាស អាសនៈនៅខាងមុខទីសក្ការៈក៏ស្រោបមាសដែរ។
23. នៅក្នុងទីសក្ការៈ ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកំពស់ដប់ហត្ថ។
24. ស្លាបនីមួយៗរបស់ចេរូប៊ីនទីមួយមានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតមានប្រវែងដប់ហត្ថ។
25. ស្លាបទាំងពីររបស់ចេរូប៊ីនទីពីរក៏មានប្រវែងដប់ហត្ថដែរ។ ចេរូប៊ីនទាំងពីរមានទំហំ និងទ្រង់ទ្រាយដូចគ្នា។
26. ចេរូប៊ីនទីមួយមានកំពស់ដប់ហត្ថ ហើយរូបទីពីរក៏មានកំពស់ប៉ុនគ្នាដែរ។
27. ស្ដេចដាក់ចេរូប៊ីនទាំងពីរនៅកណ្ដាលទីសក្ការៈ ចេរូប៊ីនទាំងពីរត្រដាងស្លាប គឺចុងស្លាបចេរូប៊ីនទីមួយលាតទៅទល់នឹងជញ្ជាំងម្ខាង រីឯចុងស្លាបចេរូប៊ីនទីពីរលាតទៅទល់នឹងជញ្ជាំងម្ខាងទៀត។ ចុងស្លាបម្ខាងទៀតរបស់ចេរូប៊ីននីមួយៗលាតទល់គ្នានៅចំកណ្ដាលទីសក្ការៈ។