គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 5:6-18 Khmer Standard Version (KHSV)

6. សូម​ព្រះ‌ករុណា​បញ្ជា​គេ​កាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់ ឲ្យ​ទូលបង្គំ​ផង។ អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ធ្វើ​ការ​រួម​ជា​មួយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ក្នុង​ចំណោម​ពួក​ទូលបង្គំ គ្មាន​នរណា​ម្នាក់​ប្រសប់​កាប់​ឈើ ដូច​អ្នក​ស្រុក​ស៊ីដូន​ទេ។ ទូលបង្គំ​នឹង​បង់​ប្រាក់​ឈ្នួល​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តាម​ព្រះ‌ករុណា​បង្គាប់»។

7. កាល​ព្រះ‌បាទ​ហ៊ីរ៉ាម​ទទួល​សារ​ពី​ព្រះ‌បាទ​សាឡូម៉ូន ទ្រង់​មាន​អំណរ​ជា​ខ្លាំង រួច​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​បុត្រ​មួយ​អង្គ​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស‌វៃ​ដល់​ព្រះ‌បាទ​ដាវីឌ ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដ៏​ច្រើន​នេះ»។

8. បន្ទាប់​មក ព្រះ‌បាទ​ហ៊ីរ៉ាម​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​សាឡូម៉ូន​ថា៖ «ទូលបង្គំ​បាន​ទទួល​សារ​របស់​ព្រះ‌ករុណា​ហើយ ទូលបង្គំ​នឹង​ផ្ដល់​ឈើ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ត្រូវ​ការ គឺ​ឈើ​តាត្រៅ និង​ឈើ​កកោះ។

9. ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ដឹក​ឈើ​ហ៊ុប​ទាំង​នោះ​ពី​ភ្នំ​លីបង់​ទៅ​ដល់​មាត់​សមុទ្រ ហើយ​ចង​ជា​ក្បូន បណ្តែត​តាម​សមុទ្រ រហូត​ដល់​កន្លែង​ដែល​ព្រះ‌ករុណា​កំណត់​ទុក។ នៅ​ទី​នោះ ពួក​អ្នក​បម្រើ​របស់​ទូលបង្គំ​នឹង​ស្រាយ​ក្បូន ហើយ​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​មក​ទទួល​យក​ឈើ​ហ៊ុប​ទាំង​នោះ។ រីឯ​ថ្លៃ​ឈ្នួល​វិញ សូម​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ស្បៀង​អាហារ ដែល​ទូលបង្គំ​ត្រូវ​ការ​សម្រាប់​ចិញ្ចឹម​អ្នក​បម្រើ​ក្នុង​វាំង​របស់​ទូលបង្គំ​ផង»។

10. ព្រះ‌បាទ​ហ៊ីរ៉ាម​ថ្វាយ​ឈើ​តាត្រៅ និង​ឈើ​កកោះ​ទាំង​ប៉ុន្មាន តាម​សេចក្ដី​ត្រូវ​ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន។

11. ព្រះ‌បាទ​សាឡូម៉ូន​បាន​ផ្ដល់​ស្បៀង​អាហារ​រៀង​រាល់​ឆ្នាំ មាន​ស្រូវ​ចំនួន​ប្រាំ​មួយ​ពាន់​តោន និង​ប្រេង​ឆា​គុណ‌ភាព​ល្អ​ចំនួន​ប្រាំ​បួន​ពាន់​លីត្រ សម្រាប់​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ក្នុង​វាំង​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។

12. ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ដល់​ព្រះ‌បាទ​សាឡូម៉ូន តាម​ព្រះ‌បន្ទូល​សន្យា។ ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ហើយ​មាន​ទំនាក់‌ទំនង​ទៅ​វិញ​ទៅ​មក ដោយ​សុខ‌សាន្ត។

13. ព្រះ‌បាទ​សាឡូម៉ូន​កេណ្ឌ​មនុស្ស​ចំនួន​បី​ម៉ឺន​នាក់ ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល មក​ធ្វើ​ពល‌កម្ម

14. ស្ដេច​ចាត់​ពួក​គេ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់ តាម​វេន ចំនួន​មួយ​ម៉ឺន​នាក់ ក្នុង​មួយ​ខែ ក្រោម​ការ​ត្រួត‌ត្រា​របស់​លោក​អដូ‌នីរ៉ាម។ ពួក​គេ​ធ្វើ​ការ​នៅ​ភ្នំ​លីបង់​មួយ​ខែ ហើយ​វិល​មក​នៅ​ផ្ទះ​វិញ​ពីរ​ខែ។

15. ព្រះ‌បាទ​សាឡូម៉ូន​ប្រើ​មនុស្ស​ចំនួន​ប្រាំ‌ពីរ​ម៉ឺន​នាក់​សម្រាប់​លី‌សែង និង​ប្រាំ‌បី​ម៉ឺន​នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ។

16. ក្រៅ​ពី​ពួក​ពល‌ករ ព្រះ‌បាទ​សាឡូម៉ូន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ​ចំនួន​បី​ពាន់​បី​រយ​នាក់​ទៀត សម្រាប់​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពល‌ករ​ផង។

17. ព្រះ‌រាជា​បង្គាប់​ឲ្យ​គេ​គាស់​ថ្ម​ធំៗ យក​មក​ដាប់​យ៉ាង​ល្អ​ប្រណីត សម្រាប់​ធ្វើ​គ្រឹះ​ព្រះ‌ដំណាក់។

18. ពួក​ពល‌ករ​របស់​ព្រះ‌បាទ​សាឡូម៉ូន និង​ព្រះ‌បាទ​ហ៊ីរ៉ាម ព្រម​ទាំង​ជាង​ពី​ស្រុក​កេបាល​នាំ​គ្នា​ដាប់​ថ្ម ហើយ​រៀបចំ​ត្រៀម​ឈើ និង​ថ្ម​សម្រាប់​សង់​ព្រះ‌ដំណាក់។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 5