1. ព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស និងជាមិត្តភក្ដិដ៏ជិតស្និទ្ធរបស់ព្រះបាទដាវីឌជ្រាបថា គេបានអភិសេកព្រះបាទសាឡូម៉ូនឲ្យស្នងរាជ្យរបស់ព្រះបាទដាវីឌជាបិតា ស្ដេចក៏ចាត់រាជបម្រើទៅគាល់ព្រះបាទសាឡូម៉ូន។
2. ព្រះបាទសាឡូម៉ូនចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទហ៊ីរ៉ាមដូចតទៅ៖
3. «ព្រះករុណាជ្រាបហើយថា ព្រោះតែសង្គ្រាមកើតមានឥតស្រាកស្រាន្តពីគ្រប់ទិសទី ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំ ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់លោកបានទេ រហូតទាល់តែព្រះអម្ចាស់បង្ក្រាបខ្មាំងសត្រូវឲ្យនៅក្រោមបាទារបស់លោក។
4. ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំប្រោសប្រទានសេចក្ដីសុខសាន្ត នៅគ្រប់ទិសទី គឺគ្មានមារសត្រូវ គ្មានគ្រោះកាចទៀតទេ។
5. ដូច្នេះ ទូលបង្គំមានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះរបស់ទូលបង្គំ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់ព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំថា “បុត្ររបស់អ្នក ដែលយើងនឹងតែងតាំងឲ្យឡើងស្នងរាជ្យបន្តពីអ្នក នឹងសង់ដំណាក់សម្រាប់យើង”។
6. សូមព្រះករុណាបញ្ជាគេកាប់ដើមតាត្រៅនៅភ្នំលីបង់ ឲ្យទូលបង្គំផង។ អ្នកបម្រើរបស់ទូលបង្គំនឹងធ្វើការរួមជាមួយអ្នកបម្រើរបស់ព្រះករុណា ដ្បិតព្រះករុណាជ្រាបហើយថា ក្នុងចំណោមពួកទូលបង្គំ គ្មាននរណាម្នាក់ប្រសប់កាប់ឈើ ដូចអ្នកស្រុកស៊ីដូនទេ។ ទូលបង្គំនឹងបង់ប្រាក់ឈ្នួលឲ្យអ្នកបម្រើរបស់ព្រះករុណា តាមព្រះករុណាបង្គាប់»។
7. កាលព្រះបាទហ៊ីរ៉ាមទទួលសារពីព្រះបាទសាឡូម៉ូន ទ្រង់មានអំណរជាខ្លាំង រួចមានរាជឱង្ការថា៖ «ថ្ងៃនេះ សូមលើកតម្កើងព្រះអម្ចាស់ ដែលបានប្រោសប្រទានបុត្រមួយអង្គប្រកបដោយប្រាជ្ញាឈ្លាសវៃដល់ព្រះបាទដាវីឌ ដើម្បីគ្រប់គ្រងលើប្រជាជនដ៏ច្រើននេះ»។