គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 4:24-34 Khmer Standard Version (KHSV)

24. ព្រះ‌បាទ​សាឡូម៉ូន​ត្រួត‌ត្រា​លើ​ទឹក​ដី​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ចាប់​ពី​ក្រុង​ធីព‌សា​រហូត​ដល់​ក្រុង​កាសា។ ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ស្ថិត​នៅ​ក្រោម​អំណាច​ព្រះ‌បាទ​សាឡូម៉ូន​ទាំង​អស់។ ពេល​នោះ មាន​សុខ​សន្តិ‌ភាព​គ្រប់​ទិស‌ទី។

25. ក្នុង​រជ្ជកាល​របស់​ព្រះ‌បាទ​សាឡូម៉ូន ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល ចាប់​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា រស់​នៅ​ដោយ​សុខ‌សាន្ត ក្រោម​ដើម​ទំពាំង‌បាយជូរ និង​ដើម​ឧទុម្ពរ​របស់​ខ្លួន។

26. ព្រះ‌បាទ​សាឡូម៉ូន​មាន​សេះ​បួន​ម៉ឺន​ក្បាល សម្រាប់​ទឹម​រទេះ​ចំបាំង និង​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​ក្បាល​ទៀត សម្រាប់​ពល​ទ័ព​សេះ។

27. រៀង​រាល់​ខែ មាន​រាជ​ប្រតិភូ​មួយ​រូប ទទួល​ភារ‌កិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ព្រះ‌បាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ព្រះ‌រាជា។ រាជ‌ប្រតិភូ​ទាំង​នោះ​ពុំ​បាន​ឲ្យ​ស្ដេច​ខ្វះ​ខាត​អ្វី​ឡើយ។

28. រាជ‌ប្រតិភូ​ទាំង​នោះ​ផ្ដល់​ស្រូវ និង​ចំបើង​សម្រាប់​សេះ ព្រម​ទាំង​សត្វ​ផ្សេងៗ​ទៀត​ដែល​ជា​ជំនិះ នៅ​តាម​កន្លែង​ដែល​គេ​ត្រូវ​ការ ដូច​ស្ដេច​បាន​កំណត់​ទុក។

29. ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា និង​សុភ‌និច្ឆ័យ​យ៉ាង​លើស‌លប់​ដល់​ព្រះ‌បាទ​សាឡូម៉ូន ធ្វើ​ឲ្យ​ស្ដេច​មាន​ការ​យល់​ដឹង​ទូលំ‌ទូលាយ ដូច​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។

30. ព្រះ‌រាជា​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​លើស​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​ខាង​កើត និង​នៅ​ស្រុក​អេស៊ីប។

31. ព្រះ‌រាជា​មាន​ប្រាជ្ញា​លើស​មនុស្ស​ផង​ទាំង​ពួង គឺ​លើស​លោក​អេថាន ពី​អំបូរ​សេរ៉ា‌គីត លោក​ហេ‌ម៉ាន ព្រម​ទាំង​លោក​កាល់‌កូល និង​លោក​ដារ‌ដា ជា​កូន​របស់​លោក​ម៉ាហូល។ កិត្តិនាម​របស់​ព្រះ‌រាជា​ល្បី​សុស‌សាយ រហូត​ដល់​ប្រជា‌ជាតិ​នានា​ដែល​នៅ​ជុំ‌វិញ។

32. ព្រះ‌បាទ​សាឡូម៉ូន​ថ្លែង​សុភាសិត បី​ពាន់​ឃ្លា និង​តែង​ចម្រៀង​មួយ​ពាន់​ប្រាំ​បទ។

33. ព្រះ‌រាជា​រៀប​រាប់​អំពី​រុក្ខ‌ជាតិ​គ្រប់​ប្រភេទ តាំង​ពី​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​នៅ​តាម​កំពែង។ ព្រះ‌រាជា​រៀប​រាប់​អំពី​សត្វ​ចតុប្បាទ សត្វ​ស្លាប សត្វ​លូន​វារ និង​ត្រី​ផង​ដែរ។

34. ស្ដេច​ទាំង‌ឡាយ​នៅ​លើ​ផែនដី​បាន​ឮ​គេ​និយាយ​អំពី​ប្រាជ្ញា​ញាណ​របស់​ព្រះ‌បាទ​សាឡូម៉ូន ក៏​ចាត់​មនុស្ស‌ម្នា​ពី​គ្រប់​ជាតិ​សាសន៍ ឲ្យ​មក​ស្ដាប់​រាជ‌ឱង្ការ​របស់​ព្រះ‌បាទ​សាឡូម៉ូន ដែល​ប្រកប​ដោយ​ប្រាជ្ញា​ឈ្លាស​វៃ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 4