គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 4:12-24 Khmer Standard Version (KHSV)

12. លោក​បាណា ជា​កូន​របស់​លោក​អហ៊ី‌លូដ គ្រប់‌គ្រង​លើ​តំបន់​តាណាក់ និង​មេគី‌ដោរ ព្រម​ទាំង​តំបន់​បេត‌សៀន​ទាំង​មូល។ តំបន់​បេត‌សៀន​មាន​ព្រំ‌ប្រទល់​រហូត​ដល់​សារ‌ថាន ដែល​ស្ថិត​នៅ​ខាង​ក្រោម​យេសរាល។ តំបន់​នេះ​លាត​សន្ធឹង​ពី​បេតសៀន​រហូត​ដល់​អេបិល-‌មហូ‌ឡា និង​រហូត​ទៅ​ដល់​ខាង​នាយ​យ៉ុក‌មាម។

13. កូន​របស់​លោក​បេន-‌កេប៊ើរ​គ្រប់‌គ្រង​នៅ​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។ លោក​គ្រប់‌គ្រង​ភូមិ​ទាំង​ប៉ុន្មាន​របស់​លោក​យ៉ាអ៊ារ ជា​កូន​របស់​លោក​ម៉ាណា‌សេ នៅ​ស្រុក​កាឡាដ និង​តំបន់​អើកុប ក្នុង​ស្រុក​បាសាន ដែល​មាន​ក្រុង​ធំៗ​ចំនួន​ហុក‌សិប ជា​ទីក្រុង​មាន​កំពែង​ដ៏​រឹង‌មាំ និង​មាន​រនុក​ធ្វើ​ពី​លង្ហិន។

14. លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ គ្រប់‌គ្រង​លើ​តំបន់​ម៉ាហា‌ណែម។

15. លោក​អហ៊ី‌ម៉ាស់​គ្រប់‌គ្រង​លើ​ទឹក​ដី​ណែប‌ថាលី។ លោក​បាន​រៀប​អាពាហ៍‌ពិពាហ៍​ជា​មួយ​ព្រះ​នាង​បាស‌ម៉ាត ជា​បុត្រី​របស់​ព្រះ‌បាទ​សាឡូម៉ូន។

16. លោក​បាណា ជា​កូន​របស់​លោក​ហ៊ូសាយ គ្រប់‌គ្រង​លើ​ទឹក​ដី​អេ‌ស៊ើរ និង​អាឡុត។

17. លោក​យេហូ‌សាផាត ជា​កូន​របស់​លោក​បារូអា គ្រប់‌គ្រង​លើ​ទឹក​ដី​អ៊ីសា‌ខារ។

18. លោក​ស៊ី‌ម៉ៃ ជា​កូន​របស់​លោក​អេឡា គ្រប់‌គ្រង​លើ​ទឹក​ដី​បេន‌យ៉ាមីន។

19. លោក​កេ‌ប៊ើរ ជា​កូន​របស់​លោក​អ៊ូរី គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ព្រម​ទាំង​ទឹក​ដី​របស់​ព្រះ‌បាទ​ស៊ីហុន ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី និង​ស្រុក​របស់​ព្រះ​បាទ​អុក ស្ដេច​ស្រុក​បាសាន។ ក្នុង​តំបន់​នេះ​ទាំង​មូល​មាន​រាជ​ប្រតិភូ​តែ​មួយ​រូប​ប៉ុណ្ណោះ។

20. ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល មាន​ចំនួន​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ។ ពួក​គេ​មាន​ស្បៀង​អាហារ​បរិបូណ៌ ហើយ​រស់​នៅ​យ៉ាង​សប្បាយ​រីក‌រាយ។

21. ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។

22. ស្បៀង​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​ផ្គត់‌ផ្គង់​ក្នុង​វាំង​របស់​ព្រះ‌បាទ​សាឡូម៉ូន មាន​ដូច​ត​ទៅ: ម្សៅ‌ម៉ដ្ដ​ប្រាំ​បួន​តោន ម្សៅ​ធម្មតា​ដប់​ប្រាំ​បី​តោន

23. គោ​បំប៉ន​ដប់​ក្បាល គោ​ធម្មតា​ម្ភៃ​ក្បាល ចៀម​មួយ​រយ​ក្បាល ព្រម​ទាំង​សត្វ​ផ្សេងៗ​ជា​ច្រើន​ទៀត ដូច​ជា​ប្រើស ឈ្លូស ក្ដាន់ និង​មាន់​ទា​បំប៉ន។

24. ព្រះ‌បាទ​សាឡូម៉ូន​ត្រួត‌ត្រា​លើ​ទឹក​ដី​ទាំង​ប៉ុន្មាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ចាប់​ពី​ក្រុង​ធីព‌សា​រហូត​ដល់​ក្រុង​កាសា។ ស្ដេច​ទាំង​ប៉ុន្មាន​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​អឺប្រាត ស្ថិត​នៅ​ក្រោម​អំណាច​ព្រះ‌បាទ​សាឡូម៉ូន​ទាំង​អស់។ ពេល​នោះ មាន​សុខ​សន្តិ‌ភាព​គ្រប់​ទិស‌ទី។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 4