គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 3:18-28 Khmer Standard Version (KHSV)

18. បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ម្ចាស់​សម្រាល​កូន នាង​នេះ​ក៏​សម្រាល​បាន​កូន​មួយ​ដែរ។ នៅ​ក្នុង​ផ្ទះ គ្មាន​អ្នក​ផ្សេង​ទេ គឺ​មាន​តែ​ខ្ញុំ​ម្ចាស់​ពីរ​នាក់​ប៉ុណ្ណោះ។

19. យប់​មួយ កូន​របស់​ស្ត្រី​នោះ​ស្លាប់ ដោយ​នាង​ដេក​សង្កត់​លើ។

20. លុះ​ដល់​ពាក់​កណ្ដាល​អធ្រាត្រ ពេល​ខ្ញុំ​ម្ចាស់​កំពុង​ដេក​លក់ នាង​ក៏​ក្រោក​ឡើង​ចូល​មក​បី​កូន​ខ្ញុំ​ម្ចាស់ ដែល​ដេក​នៅ​ជិត​ខ្ញុំ​ម្ចាស់ យក​ទៅ​ដាក់​ដេក​ក្បែរ​នាង រួច​នាង​យក​កូន​របស់​នាង​ដែល​ស្លាប់​នោះ មក​ដាក់​ជិត​ខ្ញុំ​ម្ចាស់​វិញ។

21. ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ភ្ញាក់​ពី​ដំណេក ដើម្បី​បំបៅ​កូន ខ្ញុំ​ម្ចាស់​ឃើញ​ថា កូន​ស្លាប់​បាត់​ទៅ​ហើយ។ លុះ​ខ្ញុំ​ម្ចាស់​ពិនិត្យ​មើល​យ៉ាង​ច្បាស់​លាស់ ក៏​ឃើញ​ថា មិន​មែន​ជា​កូន​របស់​ខ្ញុំ​ម្ចាស់​ទេ»។

22. ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ស្រែក​ឡើង​ថា៖ «មិន​ពិត​ទេ! កូន​របស់​ខ្ញុំ​នៅ​រស់ គឺ​កូន​របស់​នាង​ទេ​ដែល​ស្លាប់»។ ប៉ុន្តែ ស្ត្រី​ទី​មួយ​ឆ្លើយ​ថា «មិន​មែន​ទេ! កូន​នាង​ស្លាប់​ហើយ គឺ​កូន​ខ្ញុំ​ទេ​ដែល​នៅ​រស់»។ ដូច្នេះ ស្ត្រី​ទាំង​ពីរ​នាក់​ក៏​ប្រកែក​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច។

23. ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ក្នុង​ចំណោម​នាង​ទាំង​ពីរ មាន​ម្នាក់​ពោល​ថា “កូន​ដែល​នៅ​រស់​ជា​កូន​របស់​ខ្ញុំ ហើយ​កូន​ដែល​ស្លាប់​ជា​កូន​របស់​នាង”។ រីឯ​ម្នាក់​ទៀត​ពោល​ថា “មិន​មែន​ទេ! កូន​របស់​នាង​ស្លាប់​ហើយ គឺ​កូន​របស់​ខ្ញុំ​ទេ ដែល​នៅ​រស់!”»។

24. ព្រះ‌រាជា​បង្គាប់​ថា៖ «ចូរ​យក​ដាវ​មក​ឲ្យ​យើង»។ ពេល​គេ​យក​ដាវ​មក​ដល់

25. ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កាប់​កូន​នេះ​ជា​ពីរ​ចំណែក ហើយ​ចែក​មួយ​ចំហៀង​ម្នាក់ៗ​ឲ្យ​ស្ត្រី​ទាំង​ពីរ​ចុះ»។

26. ស្ត្រី​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់ មាន​ចិត្ត​អាណិត​មេត្តា​កូន​របស់​ខ្លួន​យ៉ាង​ខ្លាំង ក៏​ទូល​ព្រះ‌រាជា​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ខ្ញុំ​ម្ចាស់​សូម​អង្វរ​ព្រះ‌ករុណា​មេត្តា​ប្រទាន​កូន​ដែល​នៅ​រស់​ឲ្យ​ស្ត្រី​នេះ​ចុះ! សូម​កុំ​សម្លាប់​វា​ឡើយ»។ ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «សូម​កាប់​កូន​នេះ​ជា​ពីរ​ទៅ! ធ្វើ​ដូច្នេះ កូន​នេះ​នឹង​មិន​បាន​មក​ខ្ញុំ ឬ​បាន​ទៅ​នាង​ឡើយ»។

27. ពេល​នោះ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​សម្លាប់​កូន​នេះ! ចូរ​ប្រគល់​វា​ឲ្យ​ស្ត្រី​ទី​មួយ​ចុះ ដ្បិត​នាង​ពិត​ជា​ម្ដាយ​របស់​កូន​ដែល​នៅ​រស់​មែន!»។

28. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ដឹង​អំពី​ការ​វិនិច្ឆ័យ​របស់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌រាជា ព្រោះ​ពួក​គេ​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ប្រាជ្ញា‌ញាណ​មក​ស្ដេច ដើម្បី​កាត់​ក្ដី​នេះ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 3