គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 3:1-9 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​សាឡូម៉ូន​បាន​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដោយ​រៀប​អភិសេក​ជា​មួយ​បុត្រី​របស់​ព្រះ​បាទ​ផារ៉ោន។ ព្រះ‌រាជា​នាំ​មហេសី​មក​គង់​ក្នុង​បុរី​ព្រះ‌បាទ​ដាវីឌ រហូត​ទាល់​តែ​វាំង​របស់​ស្ដេច ព្រម​ទាំង​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​កំពែង​ក្រុង​យេរូ‌សាឡឹម​ត្រូវ​បាន​សង់​ចប់​សព្វ​គ្រប់។

2. នៅ​គ្រា​នោះ ប្រជា‌ជន​តែងតែ​ថ្វាយ​យញ្ញ‌បូជា​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រោះ​គេ​ពុំ​ទាន់​បាន​សង់​ព្រះ​ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ឡើយ។

3. ព្រះ‌បាទ​សាឡូម៉ូន​ស្រឡាញ់​ព្រះ‌អម្ចាស់ និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ព្រះ‌បាទ​ដាវីឌ ជា​បិតា​បាន​ផ្ដែ‌ផ្ដាំ ប៉ុន្តែ ព្រះ‌រាជា​ក៏​ធ្វើ​ពិធី​ថ្វាយ​យញ្ញ‌បូជា និង​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។

4. ថ្ងៃ​មួយ ព្រះ‌រាជា​យាង​ទៅ​គីបៀន ដើម្បី​ថ្វាយ​យញ្ញ‌បូជា ដ្បិត​ទី​នោះ​ជា​កន្លែង​សក្ការៈ​សំខាន់​ជាង​គេ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ថ្វាយ​សត្វ​មួយ​ពាន់ ជា​តង្វាយ​ដុត​ទាំង​មូល នៅ​លើ​អាសនៈ​នោះ។

5. ក្នុង​ពេល​ដែល​ព្រះ‌បាទ​សាឡូម៉ូន​គង់​នៅ​គីបៀន ព្រះ‌អម្ចាស់​បាន​សម្តែង​ឲ្យ​ស្ដេច​ឃើញ ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​អ្នក​ចង់​បាន​អ្វី ចូរ​សុំ​មក​ចុះ យើង​នឹង​ប្រគល់​ឲ្យ!»។

6. ព្រះ‌បាទ​សាឡូម៉ូន​ទូល​ថា៖ «ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ គឺ​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រោះ​បិតា​ទូលបង្គំ​រស់​នៅ​ដោយ​ភក្ដី‌ភាព សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អង្គ។ ព្រះ‌អង្គ​នៅ​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ទូលបង្គំ ដោយ​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​បុត្រ​មួយ​អង្គ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។

7. បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូលបង្គំ ព្រះ‌អង្គ​បាន​តែង‌តាំង​ទូលបង្គំ​ឲ្យ​ឡើង​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​នៅ​ក្មេង​ខ្ចី​ពេក មិន​ទាន់​ចេះ​គ្រប់‌គ្រង​ស្រុក​នៅ​ឡើយ។

8. ទូលបង្គំ​ត្រូវ​ដឹក​នាំ​ប្រជា‌ជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា។

9. ហេតុ​នេះ សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា​ឈ្លាស​វៃ ដើម្បី​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ទូលបង្គំ​ចេះ​វិនិច្ឆ័យ ស្គាល់​ការ​ល្អ ការ​អាក្រក់ បើ​មិន​ដូច្នោះ​ទេ តើ​នរណា​អាច​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​ដ៏​ច្រើន​ឥត​គណនា​របស់​ព្រះ‌អង្គ​បាន?»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 3