គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 22:6-13 Khmer Standard Version (KHSV)

6. ស្ដេច​អ៊ីស្រា‌អែល​កោះ​ហៅ​ព្យាការី​ប្រមាណ​បួន​រយ​នាក់​មក ហើយ​សួរ​ពួក​គេ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ ពួក​គេ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ។ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា»។

7. ព្រះ‌បាទ​យ៉ូសា‌ផាត​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ព្យាការី​របស់​ព្រះ‌អម្ចាស់ ដែល​យើង​អាច​ទូល​សួរ​ព្រះ‌អង្គ​ទេ​ឬ?»។

8. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «នៅ​មាន​ម្នាក់​ទៀត ដែល​អាច​ទូល​សួរ​ព្រះ‌អម្ចាស់​បាន តែ​ទូលបង្គំ​ស្អប់​អ្នក​នោះ​ណាស់ ព្រោះ​គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ។ អ្នក​នោះ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​របស់​លោក​យីមឡា»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ទូល​ថា៖ «សូម​ព្រះ‌ករុណា​កុំ​មាន​រាជ‌ឱង្ការ​បែប​នេះ!»។

9. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហៅ​មហា‌តលិក​មក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ហៅ​លោក​មីកា‌យ៉ា ជា​កូន​របស់​លោក​យីម‌ឡា​មក​ជា​ប្រញាប់!»។

10. ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ស្លៀក​ពាក់​យ៉ាង​រុងរឿង គង់​លើ​បល្ល័ង្ក​រៀងៗ​ខ្លួន ត្រង់​ព្រលាន​ដែល​នៅ​មុខ​ទ្វារ​ក្រុង​សាម៉ារី។ ពួក​ព្យាការី​កំពុង​នាំ​គ្នា​ទាយ​ថ្វាយ​ព្រះ‌រាជា​ទាំង​ពីរ​អង្គ។

11. លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា បាន​ធ្វើ​ស្នែង​ដែក ហើយ​ពោល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​ស្នែង​ដែក​ទាំង​នេះ អ្នក​នឹង​វាយ​កង‌ទ័ព​ស៊ីរី​ឲ្យ​វិនាស​សូន្យ!»។

12. ព្យាការី​ទាំង​អស់​ក៏​ទាយ​បែប​នោះ​ដែរ ពួក​គេ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​វាយ​យក​ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ​ចុះ ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជំនះ​មិន​ខាន។ ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ»។

13. មហា‌តលិក​ដែល​ស្ដេច​ចាត់​ឲ្យ​ទៅ​ហៅ​លោក​មីកា‌យ៉ា បាន​ប្រាប់​លោក​ថា៖ «ព្យាការី​ទាំង​អស់​សុទ្ធ​តែ​ព្រម​គ្នា ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា ដូច្នេះ សូម​លោក​ទាយ​សេចក្ដី​ល្អ​ថ្វាយ​ព្រះ‌រាជា​ដូច​គេ​ដែរ​ទៅ!»។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 22