គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 22:29-37 Khmer Standard Version (KHSV)

29. ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា នាំ​គ្នា​យាង​ទៅ​វាយ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

30. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ព្រះ‌ករុណា​វិញ សូម​គ្រង​ព្រះ‌ភូសា​យ៉ាង​រុង​រឿង​ចុះ!»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក្លែង​ខ្លួន​ជា​ពល​ទាហាន ចេញ​ទៅ​ច្បាំង។

31. ស្ដេច​ស្រុក​ស៊ីរី​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចំបាំង​ទាំង​សាម‌សិប‌ពីរ​រូប​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ទេ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។

32. កាល​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសា‌ផាត ក៏​ពោល​ថា “ប្រាកដ​ជា​ស្ដេច​អ៊ីស្រា‌អែល​ហើយ” ពួក​គេ​សម្រុក​ទៅ​វាយ​ប្រហារ​ស្ដេច។ ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសា‌ផាត​ស្រែក​ឡើង

33. ពួក​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ឈប់​ដេញ​តាម។

34. ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។

35. នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជ‌រថ លុះ​ដល់​ល្ងាច​ស្ដេច ក៏​សោយ​ទិវង្គត​ទៅ។

36. នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សម្រែក​ពេញ​ក្នុង​សមរ‌ភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទីក្រុង និង​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។

37. គេ​បាន​នាំ​សព​ព្រះ‌រាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 22