គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 22:18-37 Khmer Standard Version (KHSV)

18. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​ហើយ​ថា គាត់​មិន​ដែល​ទាយ​ពី​សេចក្ដី​ល្អ​ឲ្យ​ទូលបង្គំ​ទេ គឺ​ទាយ​តែ​ពី​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ!»។

19. លោក​មីកា‌យ៉ា​ទូល​ថា៖ «ពិត​មែន​ហើយ! ដូច្នេះ សូម​សណ្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់​គង់​លើ​រាជ‌បល្ល័ង្ក ហើយ​មាន​កង‌ពល​នៃ​ស្ថាន​បរម‌សុខ​ទាំង​មូល​ឈរ​គាល់​ព្រះ‌អង្គ ទាំង​ឆ្វេង ទាំង​ស្ដាំ​ផង។

20. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​ណា​ចង់​ល្បួង​អហាប់​ឲ្យ​ទៅ​ច្បាំង​យក​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ដើម្បី​ឲ្យ​អហាប់​ដួល​ស្លាប់​នៅ​ទី​នោះ?”។ អ្នក​ខ្លះ​ពោល​យ៉ាង​នេះ អ្នក​ខ្លះ​ពោល​យ៉ាង​នោះ។

21. ពេល​នោះ មាន​វិញ្ញាណ​មួយ​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ទូល​ថា“ទូលបង្គំ​ចង់​ទៅ​ល្បួង!”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សួរ​ថា “តើ​អ្នក​ធ្វើ​ដូច​ម្ដេច?”

22. វិញ្ញាណ​នោះ​ទូល​ថា “ទូលបង្គំ​នឹង​បណ្ដាល​ចិត្ត​ព្យាការី​ទាំង​អស់​របស់​ស្ដេច​ឲ្យ​ពោល​តែ​ពាក្យ​ភូត​កុហក”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​មធ្យោ‌បាយ​ដ៏​ប្រសើរ​សម្រាប់​ល្បួង​គេ ដូច្នេះ ចូរ​ទៅ​ធ្វើ​ចុះ!”។

23. ព្រះ‌អម្ចាស់​ដាក់​វិញ្ញាណ​ភូត​កុហក នៅ​ក្នុង​មាត់​ព្យាការី​ទាំង​អស់​របស់​ព្រះ‌ករុណា ដ្បិត​ព្រះ‌អម្ចាស់​បាន​សម្រេច​ព្រះ‌ហឫទ័យ​ឲ្យ​ព្រះ‌ករុណា​រង​ទុក្ខ​វេទនា​ហើយ!»។

24. ពេល​នោះ លោក​សេ‌ដេ‌គា ជា​កូន​របស់​លោក​ក្នាណា ចូល​មក​ជិត ហើយ​ទះ​កំផ្លៀង​លោក​មីកា‌យ៉ា ទាំង​ពោល​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​ចេញ​ពី​ខ្លួន​ខ្ញុំ មក​និយាយ​ជា​មួយ​អ្នក​តាម​ណា?»។

25. លោក​មីកា‌យ៉ា​ឆ្លើយ​ថា៖ «ថ្ងៃ​ដែល​អ្នក​រត់​ទៅ​ពួន​នៅ​បន្ទប់​ខាង​ក្នុង​ផ្ទះ​របស់​អ្នក នោះ​អ្នក​គង់​តែ​ដឹង​ទេ!»។

26. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាប់​លោក​មីកា‌យ៉ា​នាំ​យក​ទៅ​ប្រគល់​ឲ្យ​លោក​អាំម៉ូន ជា​ចៅហ្វាយ​ក្រុង និង​សម្ដេច​យ៉ូអាស ជា​បុត្រ​របស់​យើង​ទៅ!

27. រួច​ប្រាប់​គេ​ថា “ព្រះ‌ករុណា​បញ្ជា​ឲ្យ​យក​មនុស្ស​នេះ​ទៅ​ដាក់​គុក ហើយ​ផ្ដល់​នំបុ័ង និង​ទឹក​តែ​បន្តិច‌បន្តួច​ប៉ុណ្ណោះ រហូត​ដល់​ថ្ងៃ​ព្រះ‌ករុណា​វិល​ត្រឡប់​មក​ពី​ច្បាំង​វិញ ដោយ​សុខ‌សាន្ត”»។

28. លោក​មីកា‌យ៉ា​ទូល​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​ពិត​ជា​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​មែន​នោះ បាន​សេចក្ដី​ថា​ព្រះ‌អម្ចាស់​ពុំ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ទូលបង្គំ​ទេ»។ បន្ទាប់​មក លោក​ពោល​ទៀត​ថា៖ «ប្រជា‌ជន​ទាំង​អស់​គ្នា ចូរ​ស្ដាប់​ចុះ!»។

29. ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា នាំ​គ្នា​យាង​ទៅ​វាយ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

30. ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ជា​ពល​ទាហាន រីឯ​ព្រះ‌ករុណា​វិញ សូម​គ្រង​ព្រះ‌ភូសា​យ៉ាង​រុង​រឿង​ចុះ!»។ ដូច្នេះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ក្លែង​ខ្លួន​ជា​ពល​ទាហាន ចេញ​ទៅ​ច្បាំង។

31. ស្ដេច​ស្រុក​ស៊ីរី​បញ្ជា​ដល់​មេ​បញ្ជា‌ការ​កង​រទេះ​ចំបាំង​ទាំង​សាម‌សិប‌ពីរ​រូប​ថា៖ «មិន​បាច់​ប្រយុទ្ធ​នឹង​ពល​ទាហាន ឬ​នាយ​ទាហាន​ទេ ចូរ​ប្រយុទ្ធ​តែ​នឹង​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។

32. កាល​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ទាំង​នោះ​ឃើញ​ព្រះ‌បាទ​យ៉ូសា‌ផាត ក៏​ពោល​ថា “ប្រាកដ​ជា​ស្ដេច​អ៊ីស្រា‌អែល​ហើយ” ពួក​គេ​សម្រុក​ទៅ​វាយ​ប្រហារ​ស្ដេច។ ប៉ុន្តែ ពេល​ព្រះ‌បាទ​យ៉ូសា‌ផាត​ស្រែក​ឡើង

33. ពួក​មេ​បញ្ជា‌ការ​រទេះ​ចំបាំង​ដឹង​ថា មិន​មែន​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទេ ពួក​គេ​ឈប់​ដេញ​តាម។

34. ប៉ុន្តែ មាន​ទាហាន​ស៊ីរី​ម្នាក់​យឹត​ធ្នូ​បាញ់​ព្រាវ​ទៅ ក៏​ត្រូវ​ចំ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ត្រង់​ចន្លោះ​អាវ‌ក្រោះ។ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អ្នក​បរ​រាជ‌រថ​ថា៖ «ចូរ​បក​ក្រោយ នាំ​យើង​ចេញ​ពី​សមរ‌ភូមិ​ភ្លាម ព្រោះ​យើង​ត្រូវ​របួស​ហើយ»។

35. នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត ហើយ​ឈាម​ដែល​ហូរ​ចេញ​ពី​មុខ​របួស បាន​ធ្លាក់​ទៅ​ដល់​បាត​រាជ‌រថ លុះ​ដល់​ល្ងាច​ស្ដេច ក៏​សោយ​ទិវង្គត​ទៅ។

36. នៅ​ពេល​ថ្ងៃ​លិច គេ​ឮ​សម្រែក​ពេញ​ក្នុង​សមរ‌ភូមិ​ថា៖ «ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ទីក្រុង និង​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។

37. គេ​បាន​នាំ​សព​ព្រះ‌រាជា​មក​កាន់​ក្រុង​សាម៉ារី ហើយ​បញ្ចុះ​នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 22