គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ ពង្សា‌វតារ‌ក្សត្រ 21:13-28 Khmer Standard Version (KHSV)

13. មនុស្ស​ខិល‌ខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណា‌បោត រួច​ចោទ​ប្រកាន់​លោក​នៅ​ចំពោះ​មុខ​ប្រជា‌ជន​ថា៖ «លោក​ណា‌បោត​បាន​ប្រមាថ​ព្រះ‌ជាម្ចាស់ និង​ប្រមាថ​ព្រះ‌មហា‌ក្សត្រ!»។ ដូច្នេះ គេ​នាំ​លោក​ណា‌បោត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។

14. គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា៖ «យើង​ខ្ញុំ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោត​ហើយ»។

15. កាល​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណា‌បោ​ហើយ​នោះ ម្ចាស់​ក្សត្រី​ក៏​ទូល​ព្រះ‌បាទ​អហាប់​ថា៖ «សូម​តើន​ឡើង​យាង​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល ដែល​មិន​ព្រម​លក់​ថ្វាយ​ព្រះ‌ករុណា​ចុះ ដ្បិត​ណា‌បោត​ស្លាប់​បាត់​បង់​ជីវិត​ហើយ»។

16. កាល​ព្រះ‌បាទ​អហាប់​ជ្រាប​ថា លោក​ណា‌បោត​ស្លាប់​ហើយ ទ្រង់​ក៏​តើន​ឡើង​យាង​ចុះ​ទៅ​ចាប់​យក​ចម្ការ​ទំពាំង‌បាយជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល។

17. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖

18. «ចូរ​ក្រោក​ឡើង ទៅ​ជួប​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចម្ការ​ទំពាំង‌បាយជូរ​របស់​ណា‌បោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។

19. ត្រូវ​ប្រាប់​អហាប់​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណា‌បោត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។

20. ព្រះ‌បាទ​អហាប់​មាន​រាជ‌ឱង្ការ​មក​លោក​ថា៖ «នែ៎​សត្រូវ​អើយ! តើ​លោក​មក​ជួប​យើង​ទៀត​ហើយ​ឬ?»។ លោក​អេលីយ៉ា​ទូល​ថា៖ «ទូលបង្គំ​មក​គាល់​ព្រះ‌ករុណា ព្រោះ​ព្រះ‌ករុណា​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​អ្នក យើង​នឹង​លុប​បំបាត់​ពូជ‌ពង្ស​របស់​អ្នក យើង​នឹង​ប្រហារ​ប្រុសៗ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ងារ ទាំង​អ្នក​ជា ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។

22. យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក បាន​ដូច​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ដូច​ពូជ‌ពង្ស​របស់​បាសា ជា​កូន​របស់​អហ៊ី‌យ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​ឲ្យ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ផង”។

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​ម្ចាស់​ក្សត្រី​យេសិ‌បិល​ថា “ឆ្កែ​នឹង​ហែក​ស៊ី​យេសិ‌បិល នៅ​ជើង​កំពែង​ក្រុង​យេសរាល។

24. កូន​ចៅ​របស់​អហាប់​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង​នឹង​ត្រូវ​ឆ្កែ​ហែក‌ស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល​នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី​ដែរ”»។

25. មិន​ដែល​មាន​នរណា​ដូច​ព្រះ‌បាទ​អហាប់​ទេ គឺ​ស្ដេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ក្រោម​ការ​ញុះ‌ញង់​របស់​ម្ចាស់​ក្សត្រី​យេសិ‌បិល ជា​មហេសី។

26. ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ដូច​ជន‌ជាតិ​អាម៉ូរី ដែល​ព្រះ‌អម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។

27. កាល​ព្រះ‌បាទ​អហាប់​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ​ហើយ ទ្រង់​ហែក​ព្រះ‌ពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្ដេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។

28. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖

សូមអានជំពូកពេញលេញ ១ ពង្សា‌វតារ‌ក្សត្រ 21